(បរទេស)៖ លោក Daniel Levy ដែលបានគ្រប់គ្រងក្លិបបាល់ទាត់ Tottenham Hotspur មានរយៈពេល ២៥ឆ្នាំមកនេះ បានសំដែងអារម្មណ៍ប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ចំពោះការដកគ្រូបង្វឹកសញ្ជាតិអូស្រ្តាលី Ange Postecoglou ចេញពីតំណែងថ្មីៗនេះ។

ក្រុមរហស្សនាម «មាន់ខ្នាយមាស» មួយនេះទៀត មានការដោះដូរបង្វឹក ១៣នាក់មកហើយ គិតចាប់តាំងពីលោក Levy ទិញភាគហ៊ុនក្លិប Spurs មកគ្រប់គ្រង។

លោក Levy បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្លិបថា «ខ្ញុំនិនស្តាយក្រោយឡើយ ក្នុងការតែងតាំងលោក Ange។ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ក្នុងរដូវកាលដឹកនាំដំបូងរបស់លោក ពួកយើងបានបញ្ចប់ក្នុងតំណែងលេង៥ មុនពេលឈានដល់ចំណុចកំពូល តាមរយៈឈ្នះជើងឯក UEFA Europa League ក្នុងរដូវកាលទី២។ ក៏ប៉ុន្តែពួកយើងត្រូវការប្រកួតប្រជែងគ្រប់កម្មវិធី ញាំងឱ្យពួកយើងមានការផ្លាស់ប្តូរជាចាំបាច់បែបនេះ»

លោកបានបញ្ជាក់បន្ថែមថា «ខ្ញុំពិតជាប៉ះទង្គិចផ្លូវចិត្តខ្លាំងណាស់ ក៏ប៉ុន្តែពួកយើងមានអារម្មណ៍ថា ពួកយើងបានធ្វើការសម្រេចចិត្តត្រឹមត្រូវហើយសម្រាប់ក្លិប»

បន្ទាប់ពីដកគ្រូបង្វឹក Ange ចេញពីតំណែង លោក Levy ក៏បានប្រកាសតែងតាំងបុរសសញ្ជាតិដាណឺម៉ាក Thomas Frank ជាគ្រូបង្វឹកថ្មីរបស់ពួកគេភ្លាមៗដែរ។

គួររំលឹកផងថា លោក Ange Postecoglou ត្រូវបានដកចេញពីតំណែងមានរយៈពេលត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ដឹកនាំ Spurs ឈ្នះជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League វគ្គផ្តាច់ព្រ័ត្រស្ថិតនៅទីក្រុង Bilbao ដែលបានផ្តួលគូប្រជែង Manchester United ១-០ ជាពានធំសម្រាប់ពួកគេជាលើកដំបូងផងដែរ ក្នុងរយៈពេល ១៧ឆ្នាំ ដ្បិតក្រុមខ្លាំងប្រចាំទីក្រុង London មួយនេះធ្វើពុំបានល្អឡើយក្នុងលីគ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៧៕