(សេអ៊ូល)៖ ចាប់ពីឆ្នាំក្រោយតទៅ កីឡាករចាំទីអន្តរជាតិនានា នឹងត្រូវបានអនុញ្ញាតឱ្យទៅប្រកបអាជីពបាល់ទាត់នៅដែនដីប្រទេសកូរ៉េខាងត្បូងបានវិញហើយ ក្រោយពេលបម្រាមរយៈពេល ២៧ឆ្នាំត្រូវបានបិទបញ្ចប់ ត្រឹមថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បម្រាមចំពោះវត្តមានអ្នកចាំទីបរទេសលេងក្នុងលីគកំពូល K-League ត្រូវបានដាក់ចេញតាំងពីឆ្នាំ១៩៩៩ ក្នុងគោលបំណងអភិវឌ្ឍន៍អ្នកចាំទីក្នុងស្រុក ដើម្បីធានាបានថា ពួកគេមានម៉ោងលេងគ្រប់គ្រាន់។
ទោះជាយ៉ាងណា វាមានតែ ១០ក្លិបអាជីពប៉ុណ្ណោះនៅកូរ៉េ និងមាន ២៦ក្លិបសរុបតែប៉ុណ្ណោះ កំពុងលេងក្នុងក្របខណ្ឌកំពូលទាំង២ នៃប្រទេសស្ថិតនៅទ្វីបអាស៊ីមួយនេះ។
នៅក្នុងសេចក្តីថ្លែងការរបស់សហព័ន្ធបាល់ទាត់កូរ៉េបានបញ្ជាក់ថា «ចាប់ពីឆ្នាំ២០២៦ តទៅ បណ្តាក្លិបទាំងអស់អាចចុះកិច្ចសន្យានាំយកកីឡាករចាំទីបរទេសមករួមក្រុមបាន។ កន្លងមក K-League បានរឹតត្បឹតចំពោះការនាំយកកីឡាករបរទេសមកលេងនៅទីនេះផ្តើមឡើងពីឆ្នាំ១៩៩៦ និងលែងមានតែម្តងនៅ ៣ឆ្នាំបន្ទាប់ ដើម្បីផ្តោត និងការអភិវឌ្ឍន៍កីឡាករក្នុងស្រុកដែលមានស្រាប់តែប៉ុណ្ណោះ»៕