(បរទេស)៖ Fluminense ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន បានឆ្លងចូលវគ្គ ៨ក្រុមនៃកម្មវិធីក្លិបអន្តរទ្វីប FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកជាបន្តទៀត តាមរយៈបំបាក់ Inter Milan ក្រុមលេខ២នៅអឺរ៉ុបដោយលទ្ធផល ២ទល់នឹង០ យប់មិញ។

នេះមានន័យថា Fluminense បានក្លាយជាក្រុមទី២ ដែលមកពីលីគកំពូលប្រេស៊ីលដែលបានឆ្លងផុតវគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយ បន្ទាប់ពី Palmeiras ធ្វើបាននៅថ្ងៃបើកឆាកវគ្គ ១/៨ រួចមក។ ពួកគេ (Palmeiras) ត្រូវតតាំង នឹងតោខៀវ Chelsea ជាបន្តទៀតនារាត្រីថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីប្រជែងកៅអីឡើងវគ្គ ៤ក្រុម។

ការប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Bank of America ដែលមានអ្នកចូលរួមទស្សនាផ្ទាល់តែជាង ២ម៉ឺននាក់ នៃទំហំផ្ទុកសរុប ៧៤,៨៦៧នាក់នោះ ខ្សែប្រយុទ្ធ German Cano ជាអ្នករកគ្រាប់បាល់បើកឆាក ក្រោយពេលចាប់ ផ្តើមលេងបានតែ ៣នាទីប៉ុណ្ណោះ មុនពេលមិត្តរួមក្រុម Hercules ដែលចូលលេងក្នុងនាមកីឡាករបម្រុងធ្វើបានគ្រាប់ទី២ នៅនាទីចុងម៉ោង។

តារាឆ្នើមរបស់ Inter គឺខ្សែប្រយុទ្ធ Lautaro Martinez ក៏មានឱកាសជួយក្រុមតាមស្មើដែរ នៅមុនពេលពួកគេរបូតគ្រាប់ទី២ ស្របពេល Federico Dimarco មានឱកាសទាត់ free kick ២លើកបានត្រឹមតែក្បែរទី។

Fluminense ត្រូវប៉ះ Al-Hilal ក្រោយទម្លាក់ Manchester City ម្ចាស់ការពារតំណែងជើងឯក ក្នុងម៉ោងថែម ១៥នាទី ២ដងនាព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) ដែលជាក្រុមអាស៊ីតែមួយគត់ឡើងឆ្លងចូលវគ្គ ៨ក្រុមជាបន្តទៀត៕