(បរទេស)៖ Al-Hilal លេខ២ មកពីក្របខណ្ឌ Saudi-Pro League បានឆ្លងចូលវគ្គ ៨ក្រុមនៃព្រឹត្តិការណ៍ FIFA Club World Cup 2025 ដែលកំពុងរៀបចំឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីទម្លាក់ក្រុមខ្លាំង Manchester City ក្នុងនាមម្ចាស់ការពារតំណែងជើងឯកកាលឆ្នាំ២០២៣។
Al-Hilal ជាក្រុមអាស៊ីតែមួយគត់ ក្នុងចំណោម ៤ក្រុមដែលលេង Club World Cup ជំនាន់ថ្មីតំណាងទ្វីបអាស៊ី ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុ ៣២ក្រុម មុនពេលវាយបកទម្លាក់ Man City ៤-៣ ក្នុងម៉ោងថែម ១៥នាទី ២ដងនាព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅកម្ពុជា)។
ក្រុមមួយនេះទើបតែបានតែងតាំងលោក Simone Inzaghi ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្រោមកិច្ចសន្យា ២ឆ្នាំកាលដើមខែមុន ក្រោយពេលបុរសសញ្ជាតិអ៉ីតាលីរូបនេះ ទើបដឹកនាំ Inter Milan បានត្រឹមរងជើងឯកពានអឺរ៉ុប UEFA Champions League 2024-25 ដែលបានចាញ់ Paris Saint Germain នៅវគ្គផ្តាច់ព្រ័ត្រ។
ការឡើងវគ្គ ១/៤ បន្តទៀតនេះ Al-Hilal ត្រូវប៉ះគូប្រជែង Fluminense មកពីលីគប្រេស៊ីល ដែលទើបទម្លាក់ក្រុមរងជើងឯកពានអឺរ៉ុបរដូវកាលមុន Inter មិនឱ្យតដៃរួច ក្រោមលទ្ធផល ២ទល់នឹង០ បញ្ចប់វគ្គ ១៦ក្រុមរបស់ពួកគេដែរ។
គិតមកទល់ពេលនេះ កម្មវិធី ៤ឆ្នាំម្តង CWC 2025 បានឈានចូលដល់វគ្គ ៨ក្រុមហើយរួមមានការប៉ះគ្នារវាងក្រុម Palmeiras ប៉ះ Chelsea, Paris Saint Germain ជួប Bayern Munich, Fluminense ប៉ះ Al-Hilal និងក្រុមជើងឯក ៥សម័យកាលពាននេះ Real Madrid ជួបក្រុម Borussia Dortmund ដែលវគ្គនេះចាប់ផ្តើមលេងចន្លោះថ្ងៃទី៥-៦ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា) ៕