(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសថា ខ្លួនគ្មានគម្រោងប្រើប្រាស់ប្រើបច្ចេកវិទ្យា «in-house chip» របស់ក្រុមហ៊ុន Google ដើម្បីប្រើសម្រាប់ផលិតផលរបស់ខ្លួននោះទេ។ ព័ត៌មាននេះត្រូវបានប្រកាស បន្ទាប់ពីសារព័ត៌មាន Reuters និងបណ្តាញព័ត៌មានផ្សេងៗទៀតបានរាយការណ៍ថា OpenAI កំពុងប្រើបច្ចេកវិទ្យា AI chip របស់គូប្រកួត Google ដើម្បីបំពេញតម្រូវការកើនឡើងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យរបស់ OpenAI បាននិយាយនៅថ្ងៃអាទិត្យថា ទោះបីជាក្រុមហ៊ុនកំពុងសាកល្បងប្រើ chip TPU (Tensor Processing Units) របស់ Google នៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែក្រុមហ៊ុនរបស់ខ្លួនមិនមានផែនការនាំចូលឬប្រើប្រាស់បន្ទះឈីបរបស់គូប្រជែងឡើយ។ ចំណែក Google មិនបានបញ្ជាក់អ្វីទេ។ បញ្ហានេះ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតាសម្រាប់បន្ទប់ពិសោធន៍ AI ក្នុងការសាកល្បង chip ផ្សេងៗគ្នា ប៉ុន្តែការនាំចូលឬប្រើ chip ថ្មីនៅទំហំណាមួយ គឺចំណាយពេលយូរ និងត្រូវការប្រភពបច្ចេកវិទ្យាផ្សេងៗដើម្បីមកគាំទ្រ។ បច្ចុប្បន្ននេះ OpenAI កំពុងប្រើ chip ប្រភេទ GPU របស់ក្រុមហ៊ុន Nvidia និង chip AI របស់ AMD ដើម្បីបំពេញតម្រូវការកើនឡើង។ ពួកគេក៏កំពុងអភិវឌ្ឍ chip ផ្ទាល់ខ្លួនផងដែរ ហើយគម្រោងនោះកំពុងឈានដល់ដំណាក់កាល «tape-out» នៅឆ្នាំនេះ ដែលជាដំណាក់កាលក្នុងការសម្រេចរចនាបថ chip ហើយផ្ញើទៅរោងចក្រដើម្បីផលិត។
OpenAI ក៏បានចុះកិច្ចព្រមព្រៀងជាមួយសេវាកម្ម Google Cloud ដើម្បីបំពេញតម្រូវការបរិមាណកម្លាំងគណនាដែលកើនឡើងផងដែរ។ ដំណឹងនេះត្រូវបានរាយការណ៍ដោយ Reuters នៅពាក់កណ្តាលខែមិថុនា ដែលជាការចូលរួមដ៏ចម្លែករវាងក្រុមហ៊ុនដែលជាគូប្រកួតគ្នាធំៗក្នុងវិស័យ AI។ យ៉ាងណា កម្លាំងគណនាដែល OpenAI ប្រើជាចម្បង គឺចេញពីម៉ាស៊ីនបម្រើ GPU របស់ក្រុមហ៊ុន CoreWeave (CRWV.O) ដែលជាគម្រោង «neocloud»៕