(បរទេស)៖ Alibaba Cloud ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Alibaba Group បានប្រកាសពីការបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យទី ៣ របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ និងបានបង្ហាញពីផែនការបន្តបើកដំណើរការមជ្ឈមណ្ឌលទិន្នន័យទីពីរនៅក្នុងប្រទេសហ្វីលីពីននៅក្នុងខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
ក្រុមហ៊ុនបានបញ្ជាក់ថា ការពង្រីកនេះគឺដើម្បីធានាថា Alibaba Cloud អាចឆ្លើយតបទៅនឹងតម្រូវការសកលដែលកំពុងកើនឡើងសម្រាប់សេវាកម្ម Cloud ដែលមានសុវត្ថិភាព ធន់ និងអាចបត់បែនបាន។
Alibaba Cloud ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០៩ ហើយបានក្លាយជាបច្ចេកវិទ្យាគាំទ្រដ៏សំខាន់សម្រាប់ប្រតិបត្តិការទាំងអស់របស់ Alibaba Group រួមទាំងការលក់ដ៏ធំសម្បើមប្រចាំឆ្នាំ «Single's Day» (11.11) ផងដែរ។ បច្ចុប្បន្ន Alibaba Cloud មាន មជ្ឈមណ្ឌលទិន្នន័យចំនួន ៧៨ កន្លែង នៅក្នុង ២៤ តំបន់ ជុំវិញពិភពលោក។ នេះធ្វើឱ្យ Alibaba Cloud ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ដ៏ធំបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ពួកគេផ្តល់ជូននូវសេវាកម្ម Cloud ជាច្រើនប្រភេទ ដូចជាការគណនា (computing) ការរក្សាទុកទិន្នន័យ (storage) និងសេវាកម្មសុវត្ថិភាព (security) ដែលជួយដល់ក្រុមហ៊ុនគ្រប់ទំហំ។
គួរជម្រាបថា ការសម្រេចចិត្តពង្រីកខ្លួនថ្មីនេះ គឺជាផ្នែកមួយនៃផែនការពង្រីកដ៏ធំរបស់ Alibaba Cloud នៅទូទាំងពិភពលោក។ ពួកគេកំពុងវិនិយោគយ៉ាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ Cloud និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គោលដៅរបស់ Alibaba Cloud គឺចង់បង្កើត «បណ្តាញ Cloud សកលតែមួយ» ដើម្បីជួយក្រុមហ៊ុនចិនឱ្យពង្រីកអាជីវកម្មទៅក្រៅប្រទេស ក៏ដូចជាផ្តល់ហេដ្ឋារចនាសម្ព័ន្ធ AI ស្រដៀងគ្នាទាំងនៅក្នុងប្រទេស និងនៅបរទេស។ តាមរយៈការពង្រីកវត្តមានរបស់ខ្លួននៅទីផ្សារសំខាន់ៗដូចជា អាស៊ីអាគ្នេយ៍នេះ Alibaba Cloud បន្តពង្រឹងជំហររបស់ខ្លួនជាអ្នកផ្តល់សេវាកម្ម Cloud ឈានមុខគេនៅលើពិភពលោក៕