(បរទេស)៖ ក្រុមហ៊ុនធំៗជាច្រើន និងប្រទេសសមាជិកសហភាពអឺរ៉ុប កំពុងតែចាប់អារម្មណ៍ជាខ្លាំងជុំវិញការពន្យាពេលអនុវត្តច្បាប់ AI Act ដែលជាច្បាប់ដំបូងបង្អស់លើពិភពលោក ស្តីពីការគ្រប់គ្រងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
បណ្តាក្រុមហ៊ុនអឺរ៉ុបចំនួន ៤៤ ដូចជា Airbus, Carrefour, និង Philips បានចុះហត្ថលេខាលើលិខិតបើកចំហ ដើម្បីអំពាវនាវឱ្យសហភាពអឺរ៉ុបពន្យាពេលអនុវត្តច្បាប់ AI ចំនួន២ឆ្នាំ ដោយព្រួយបារម្ភអំពីការប៉ះពាល់ដល់ការប្រកួតប្រជែង និងភាពមិនច្បាស់លាស់នៃច្បាប់នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Meta, និង Mistral ក៏បានជម្រុញឱ្យពន្យាពេលនៃការអនុវត្តផងដែរ ពោលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍គោលការណ៍ និងស្ដង់ដារអនុវត្តមិនទាន់រួចរាល់។ ជាក់ស្តែង នាយករដ្ឋមន្ត្រីស៊ុយអែត បានគាំទ្រការពន្យាពេល ដោយអះអាងថា ច្បាប់នេះ «មិនច្បាស់លាស់» ខណៈដែលប្រទេសប៉ូឡូញបានជំរុញឱ្យអឺរ៉ុបអនុវត្តយុទ្ធសាស្រ្ត «បញ្ឈប់នាឡិកា» (Stop-the-clock) រហូតដល់មានស្ដង់ដារផ្លូវការណាមួយដាក់ចេញ។
បច្ចុប្បន្ននេះ មិនទាន់មានការផ្ដល់អនុសាសន៍ផ្លូវការពីការពន្យាពេលនៅឡើយទេ ប៉ុន្តែដោយសារការចាប់ផ្ដើមយឺតនៃស្ថាប័នគ្រប់គ្រង AI និងការមិនទាន់ត្រៀមលក្ខណៈរួចរាល់របស់ឧស្សាហកម្ម ក៏ដូចជាការរិះគន់ខ្លាំង ដូច្នេះការពន្យាពេលអនុវត្តផ្នែកខ្លះៗ គឺមានប្រសិទ្ធភាព។ ការអនុវត្តច្បាប់ AI Act នៅតែមានសុពលភាព តែអាចនឹងពន្យាពេលបន្តិចសម្រាប់ផ្នែកខ្លះនៃ AI ។ ស្ថាប័នអ៊ឺរ៉ុបកំពុងពិចារណាយុទ្ធសាស្ត្រផ្សេងៗ ដើម្បីបន្តអនុវត្តដោយមិនប៉ះពាល់ដល់ការច្នៃប្រឌិត។ ការអនុវត្តពេញលេញនៅតែគ្រោងសម្រាប់ ឆ្នាំ ២០២៦ ប៉ុន្តែអាចមានការកែសម្រួលពេលវេលាសម្រាប់កម្រិតហានិភ័យខ្ពស់និងប្រព័ន្ធធំៗ៕