(ភ្នំពេញ)៖ ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលចំណាត់ថ្នាក់ផ្លូវការ ក្នុងតារាងចំណាត់ថ្នាក់ផ្នែកបាល់ទះបុរសពិភពលោក(FIVB Men’s Volleyball World Ranking) ស្របពេលកម្ពុជា បានបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតជើងឯកបាល់ទះអាស៊ីអាគ្នេយ៍ (SEA V.League) ឆ្នាំ២០២៥ ដែលកំពុងដំណើរការប្រកួតជុំទី១ នៅប្រទេសហ្វីលីពីន។

ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។

នេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា ដែលមានចំណាត់ថ្នាក់ពិភពលោក ស្របតាមផែនការយុទ្ធសាស្ដ្រចង់បានរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដែលព្យាយាមអភិវឌ្ឍន៍ និងចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការចូលរួមប្រកួតព្រឹត្តិការណ៍ SEA V.League ដែលត្រឹមមានឱកាសជ្រោងទង់ជាតិខ្មែរលើឆាកអន្ដរជាតិ តែក៏ជាការរុញឲ្យបាល់ទះកម្ពុជាមានចំណាត់ថ្នាក់កាន់តែល្អប្រសើរលើពិភពលោកផងដែរ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតដំបូង ក្នុងព្រឹត្តិការណ៍ SEA V.League 2025 ជុំទី១ វិញ កម្ពុជា បានបរាជ័យទល់នឹងក្រុមវៀតណាម ក្នុងលទ្ធផល ៣-០ ហើយនឹងបន្ដជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែកក្កដានេះ មុនបន្ដជួបម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី១២ ខែកក្កដា និងចុងក្រោយជួបថៃ នាថ្ងៃទី១៣ ខែកក្កដាចុងសប្ដាហ៍នេះ ។ បន្ទាប់មកក្រុមទាំងអស់ នឹងបន្ដការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៦-២០ ខែកក្កដាខាងមុខ៕