(ឈីលី)៖ ទិដ្ឋភាពដ៏រំភើបអស្ចារ្យនៃវត្តមានរបស់កាឡាក់ស៊ី Milky Way ដែលពោរពេញទៅដោយបណ្តុំពពកធូលី ក៏ដូចជាឧស្ម័នអវកាស រួមទាំងកញ្ចុំផ្កាយភ្លឺចែងចាំងរាប់ពាន់លានដួង បានបង្ហាញខ្លួនលើផ្ទៃមេឃនាពេលរាត្រី នៅពីលើមជ្ឈមណ្ឌលតាមដានលំហអវកាស ALMA ដែលស្ថិតនៅភាគខាងជើងប្រទេសឈីលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
ក្នុងរូបភាពនៃទិដ្ឋភាពខាងលើ ក៏មានវត្តមានពន្លឺពណ៌សព្រឿងៗម៉្យាង ដែលគេហៅថា Zodiacal Light ផងដែរ។ ពន្លឺ Zodiacal Light បានបង្ហាញខ្លួននៅពីខាងក្រោមចានអង់តែន DV-21 នៃមជ្ឈមណ្ឌល ALMA នៅក្នុងរូបភាពនោះ ហើយបាតុភូតពន្លឺនេះ កកើតឡើងចេញពីការរាយប៉ាយនៃពន្លឺព្រះអាទិត្យ ចាំទៅលើធូលីអវកាស។
គួរជម្រាបថា មជ្ឈមណ្ឌល ALMA ផ្សំឡើងពីចានអង់តែនសរុប ៦៦គ្រឿង នៅលើវាលខ្សាច់ Atacama នៃប្រទេសឈីលី ហើយវាគជាកែវយឺតដ៏មានអានុភាពបំផុតនៅលើផែនដី សម្រាប់ការសង្កេតទៅលើធូលី និងឧស្ម័នម៉ូលេគុលក្នុងចក្រវាឡ ហើយភពអេលៀន និងប្រព័ន្ធព្រះអាទិត្យក៏ស្ថិតនៅក្នុងមុខព្រួញ នៃការតាមដានរបស់វាផងដែរ។
ALMA ត្រូវបានរចនាឡើង ដើម្បីសិក្សាទៅលើ កញ្ចុំផ្កាយ ប្រព័ន្ធភព កាឡាក់ស៊ី ព្រមទាំងទម្រង់ជីវិត ដើម្បីជួយអ្នកវិទ្យាសាស្រ្តបកស្រាយសំណួរស៉ីជម្រៅមួយចំនួន ទាក់ទិននឹងដើមកំណើតរបស់ចក្រវាឡ។ ការជ្រើសរើសយកទីតាំងខាងលើនៅក្នុងប្រទេសឈីលីនោះ ក៏ព្រោះតែតំបន់នោះ មានអាកាសធាតុអំណោយ និងមេឃស្រឡះល្អបំផុតជាងទីណាៗលើភពផែនដី ដែលអាចឲ្យកែវយឺតបញ្ចេញសមត្ថភាពដ៏អស្ចារ្យ៕