(ប៉ាគីស្ថាន)៖ ប្រជាជាតិនុយក្លេអ៊ែរប៉ាគីស្ថាន និងឥណ្ឌា ត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថា កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាម បន្ទាប់ពីប្រទេសអតីតបងប្អូន ប៉ុន្តែប្រែក្លាយជាសត្រូវទាំង ២ បានអះអាងពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរៀងៗខ្លួនកាលពីថ្ងៃពុធ។ ទីក្រុងអ៊ីសា្លម៉ាបាត បានទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ០២គ្រឿង និងចាប់ខ្លួនពីឡុតម្នាក់ រីឯឥណ្ឌាថាបានបាញ់ទម្លាក់យន្ដហោះ ចម្បាំងប៉ាគីស្ថានមួយគ្រឿងវិញនៅតំបន់កាស្មៀរ។
ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះឡើងដោយសារតែការវាយប្រហារដោយបំផ្ទុះ គ្រាប់បែកអត្តឃាតសម្លាប់កងកម្លាំងឥណ្ឌា ៤២នាក់ ក្នុងតំបន់ជម្លោះដែនដីកាស្មៀរ ហើយទីក្រុងញូដេលីបានចោទប្រកាន់ប៉ាគីស្ថានត្រង់ៗតែម្ដងថា ជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad ដែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែ ភាពតានតឹងនេះរឹតតែឡើងកម្ដៅ បន្ទាប់ពីមានការបាញ់ទម្លាក់យន្ដហោះចម្បាំងគ្នាទៅវិញទៅមក រហូតដល់មានការបង្ហាញក្ដីព្រួយបារម្ភ និងសំណួថា តើសង្រ្គាមរវាងប្រជាជាតិនុយក្លេអ៊ែរទាំង ២ អាចនឹងផ្ទុះឡើងដែរ ឬទេ? រីឯសហគមន៍អន្តរជាតិវិញនឹងប្រតិកម្មយ៉ាងដូចម្ដេច? ម្យ៉ាងទៀតសង្រ្គាមផ្ទុះ ឬមិនផ្ទុះឡើងគេមិនអាចសន្និដ្ឋានជាមុនទេ តែអ្វីដែលសំខាន់នោះគឺគ្រោះមហន្តរាយមិននឹកស្មានដល់អាចនឹងកើតឡើងមែននោះ។
ខាងក្រោមនេះគឺការប្រៀបធៀបត្រួសៗពីកម្លាំងយោធារវាងប៉ាគីស្ថាន និងឥណ្ឌា៖
* កញ្ចប់ថវិកាយោធា
កាលពីឆ្នាំ២០១៨ ឥណ្ឌាបានអនុម័តកញ្ចប់ថវិកា ៥៨ពាន់លានដុល្លារ ឬស្មើនឹង ២.១ភាគរយនៃ GDP របស់ខ្លួន ដើម្បីផ្ដល់ការគំាទ្រដល់កងកម្លាំងទ័ពសរុបជាង ១.៤លាននាក់។ នេះបើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)។ IISS បានឱ្យដឹងថា ប៉ាគីស្ថានកាលពីឆ្នាំ២០១៨ បានអនុម័តកញ្ចប់ថវិកាយោធា ១១ពាន់លានដុល្លារតែប៉ុណ្ណោះ ឬស្មើនឹង ៣.៦ភាគរយនៃ GDP សម្រាប់គាំទ្រដល់កងកម្លាំងទ័ព ៦៥៣,៨០០នាក់។ ប៉ុន្តែទន្ទឹមគ្នាប៉ាគីស្ថានក៏ទទួលបានជំនួយយោធាពីបរទេស ១០០លានដុល្លារផងដែរក្នុងឆ្នាំ ដដែល។
* មីស៊ីល និងអាវុធនុយក្លេអ៊ែរ
ឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែមាន មីស៊ីលបាលិស្ទីគបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររៀងៗខ្លួន។ ដោយឡែកបើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ឥណ្ឌាមីស៊ីល ០៩ប្រភេទក្នុងនោះរួមមានទំាង មីស៊ីល Agni-3 ដែលអាចបាញ់បានក្នុងចំងាយពី ៣,០០០គីឡូម៉ែត្រ ដល់៥,០០០គីឡូម៉ែត្រ។ ចំណែកឯកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានវិញ គឺទទួលបានជំនួយផលិតពីចិន ក្នុងនោះរួមមានមីស៊ីលរយៈចំងាយខ្លី និងមធ្យម ដែលអាចបាញ់ដល់ផ្នែកខ្លះនៃទឹកដីឥណ្ឌា។ មីស៊ីល Shaheen 2 អាចបាញ់បានចំងាយ ២,០០០គីឡូម៉ែត្រ ខណៈឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរពី ១៣០-១៤០គ្រាប់ តែប៉ាគីស្ថានវិញមានពី ១៤០-១៥០គ្រាប់។
* កងទ័ពជើងគោក
វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានឱ្យដឹងថា ឥណ្ឌាមានកងទ័ពជើងគោក ១.២លាននាក់គាំទ្រដោយរថក្រោះ ៣.៥៦៥គ្រឿង, រពាសដែក ៣,១០០គ្រឿង, រថពាសដែកដឹកជញ្ជូន ៣៣៦គ្រឿង និងកាំភ្លើងធំ ៩,៧១៩គ្រឿង។ ចំណែកឯប៉ាគីស្ថានវិញ មានកងទ័ពជើងគោកតែ ៥៦០,០០០នាក់ប៉ុណ្ណោះ ជាមួយរថក្រោះ ២,៤៩៦គ្រឿង, រថពាសដែកដឹកជញ្ជូន ១,៦០៥គ្រឿង និងកំាភ្លើងធំ ៤,៤៧២គ្រឿង។
* កងទ័ពអាកាស
ដោយមានកងទ័ពជើងគោក ១២៧,២០០នាក់ និងយន្ដហោះចម្បាំង ៨១៤គ្រឿង កងទ័ពអាកាសឥណ្ឌាត្រូវបានគេចាត់ទុកថា ជាកងទ័ពអាកាសដ៏ខ្លាំងមួយ។ ឥណ្ឌាមានយន្ដហោះចម្បាំងដូចជា MiG-21 ទិញពីរុស្ស៊ីជាដើម រីឯប៉ាគីស្ថានមានយន្ដហោះចម្បាំង F-7PG របស់ចិន និងយន្ដហោះចម្បាំងអាមេរិក F-16។ ប៉ាគីស្ថានមានយន្ដហោះចម្បាំងសរុប ៤២៥គ្រឿង។
* កងទ័ពជើងទឹក
កងទ័ពជើងទឹកឥណ្ឌាមាននាវាផ្ទុកយន្ដហោះចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង, នាវាល្បាត និងនាវាប្រយុទ្ធ ១០៦គ្រឿង ព្រមទំាងនាវាប្រឆាំងយន្ដហោះចម្បាំង ៧៥គ្រឿង និងនាវាចម្បាំងធម្មតា ១៣គ្រឿង។ ឥណ្ឌាមានកងទ័ពជើងទឹកសរុប ៦៧,៧០០នាក់។ ដោយឡែកប៉ាគីស្ថានមាននាវាចម្បាំងធម្មតា ០៩គ្រឿង, នាវាមុជទឹក ០៨គ្រឿង, នាវាល្បាត ១៧គ្រឿង និងនាវាប្រឆាំងយន្ដហោះចម្បាំងតែ ០៨គ្រឿងប៉ុណ្ណោះ។
គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺជាការបង្ហាញអំពីសព្វាវុធ និងកម្លាំងជាក់ស្តែងដែលប្រទេសទាំងពីរនេះមានប៉ុណ្ណោះ ខណៈកត្តាចម្បងមួយទៀតដែលអាចធ្វើឲ្យប្រទេសមួយមានប្រៀបលើប្រទេសមួយទៀតបាននោះគឺ «យុទ្ធសាស្ត្រនៃការធ្វើសង្គ្រាម»។ ទោះបីជាបែបនេះក្តី គ្មានប្រទេសណាមួយចង់ឲ្យប្រទេសធំៗទាំងពីរនេះ ផ្ទុះសង្គ្រាមរវាងគ្នានោះឡើយ ដោយគ្រប់គ្នាកំពុងអំពាវនាវឲ្យរដ្ឋាភិបាលញូដេលី និងអ៊ីស្លាម៉ាបាដមានការអត់ធ្មត់ និងស្វែងរកកិច្ចសន្ទនាដោះស្រាយបញ្ហាដោយសន្តិវិធី៕
ប្រភព៖ Al Jazeera (ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩)