(បែរឡាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្ហាញពីភាពរីកចម្រើនយ៉ាង ពិតប្រាកដមួយចំនួន។ «យើងមានកិច្ចចរចាដ៏ល្អប្រសើរមួយចំនួនជាមួយអ៉ីរ៉ង់»។ នេះជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋ New Jersey មុនឡើងយន្ដហោះ ត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

លោកស្រី Sina Azodi ជាអ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិផ្ដោតលើគោលនយោបាយការបរទេសរបស់អ៉ីរ៉ង់ បាននិយាយថា «ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មានភាពប្រាកដប្រជាចំពោះ កិច្ចចរចាដោយពួកគេសុទ្ធតែចង់សម្រេចបានកិច្ចព្រមព្រៀងមួយ»។ តាមលោកស្រី Azodi កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់គឺមានសារៈសំខាន់បំផុតចំពោះរដ្ឋបាលលោក ដូណាល់ ត្រាំ។ សម្រាប់ សេតវិមាន មានបញ្ហាគោលនយោបាយការបរទេសស្នូលចំនួន៣ ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន សង្រ្គាមនៅហ្កាហ្សា និងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ ដូច្នេះកិច្ចព្រមព្រៀងមួយជាមួយ អ៉ីរ៉ង់អាចនឹងត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំមួយខាងគោលនយោបាយការបរទេសរបស់លោក ត្រាំ។ លោកស្រីបន្ថែមថារដ្ឋាភិបាលអ៉ីរ៉ង់ប្រហែលជាចង់បានកិច្ចព្រមព្រៀងខ្លាំងជាង សហរដ្ឋអាមេរិកទៅទៀត ក្រោមហេតុផល៣យ៉ាង៖ ទី១៖ អ៉ីរ៉ង់មិនមានពេលវេលាច្រើននោះទេ ហើយបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិកទេ នោះទណ្ឌកម្មសេដ្ឋកិច្ចរបស់ អង្គការសហប្រជាជាតិនឹងត្រូវអនុវត្តពេញលេញឡើងវិញប្រឆាំងអ៉ីរ៉ង់។ ទី២៖ ក្រុមអ្នកនយោបាយក្នុងប្រទេសអ៉ីរ៉ង់ជឿជាក់ថាអ៉ីស្រាអែលនឹងមិនបើកការវាយប្រហារលើអ៉ីរ៉ង់ ដោយមិនមាន ការយល់ព្រមពីសហរដ្ឋអាមេរិកនោះទេ។ ឬនិយាយមួយបែបទៀត ដរាបណាកិច្ចចរចារវាងអាមេរិក និងអ៉ីរ៉ង់នៅតែបន្តធ្វើឡើង ការវាយប្រហាររបស់អ៉ីស្រាអែលទំនងជានឹងមិនកើតឡើង ឡើយ។ ទី៣៖ អ៉ីរ៉ង់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលកាន់តែអាក្រក់ទៅៗ។ លោកស្រី Sina Azodi យល់ថាទណ្ឌកម្មបានបង្កផលប៉ះពាល់យ៉ាងសម្បើម ហើយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានសន្យាថារូបលោកនឹងព្យាយាមធ្វើការដើម្បីសម្រេចបានឱ្យនូវការដកចេញទណ្ឌកម្ម។ តែមកទល់នឹងពេលនេះ លោកមិនទាន់សម្រេចបានអ្វីជាដុំកំភួនទេ។

* កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ?
នៅក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានចាប់ផ្ដើមកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយកាលពីពាក់កណ្ដាលខែមេសា។ ដោយសារតែសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនមានទំនាក់ទំនងការទូតនឹងគ្នាដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៧៩មក ភាគីទាំង២បានធ្វើកិច្ចចរចានឹងគ្នាដោយប្រយោលតែប៉ុណ្ណោះតាមរយៈប្រទេសទី៣។ កិច្ចចរចា៤ជុំដំបូង មិនអាចសម្រេចបានលទ្ធផលអ្វីទេ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នៅមិនទាន់អាចឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម របស់អ៉ីរ៉ង់។

តេហេរ៉ង់បានទទូចថាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនមានគោលដៅស៊ីវិល តែសហរដ្ឋអាមេរិកចង់ឱ្យអ៉ីរ៉ង់បញ្ឈប់ការចម្រាញ់ទាំងស្រុងតែម្ដង។ តាមកាសែតអ៉ីតាលី La Republica រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi បានស្នើឡើងនូវកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលកំពុងត្រូវបានព្រាងឡើង។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក៏បានប្រាប់កាសែត អ៉ីស្រាអែល Israel Hayom ដែរថាលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នត្រូវបានពិភាក្សារួចហើយ ដោយរួមមានបញ្ចូលទាំងការផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងរយៈពេល ៣ឆ្នាំ ជាថ្នូរទៅនឹងការដកទណ្ឌកម្មចេញមួយផ្នែក។ កន្លងមកសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ក៏ធ្លាប់បានស៊ីញេលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែរ ក្នុងទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយកិច្ចព្រមព្រៀងនេះហើយដែលបាននាំទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ JCPOA ក្នុងឆ្នាំ២០១៥។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី JCPOA កាលពីឆ្នាំ២០១៨ អំឡុងអាណត្តិទី១ ជាប្រធានាធិបតីអាមេរិករបស់លោក។ នៅពេលនោះ លោក ត្រាំ បាននិយាយថាលោកចង់បានកិច្ចព្រមព្រៀង ល្អប្រសើរជាងនេះ គឺល្អជាងកិច្ចព្រមព្រៀងដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាចុះហត្ថលេខាជាមួយអ៉ីរ៉ង់។ សព្វថ្ងៃ ក្រុមអ្នកជំនាញបានអះអាងថាអ៉ីរ៉ង់កំពុងខិតជិតទៅរក ការផលិតអាវុធនុយក្លេអ៊ែរជាងពេលណាទាំងអស់។ អ៉ីស្រាអែលវិញមើលឃើញថាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

* ធ្វើយ៉ាងណាកុំឱ្យបាក់មុខ
លោក Behrooz Bayat ជាអ្នកជំនាញមកពី Center for Middle East and Global Order បាននិយាយថាអ៉ីរ៉ង់ត្រូវការដំណោះស្រាយមួយដើម្បីការពារមុខមាត់របស់ខ្លួនលើបញ្ហាចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម។ តាមអ្នកជំនាញរូបនេះ ជាជម្រើសមួយសម្រាប់អ៉ីរ៉ង់ នោះគឺអាចជាការបង្កើតអង្គការនៃក្រុមប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាដើម។ ក្រុមប្រទេសទាំងនេះអាចនឹងធ្វើការរួមគ្នាលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ កាសែតអង់គ្លេស The Guardian បានរាយការណ៍កាលពីដើមខែឧសភានេះថា អ៉ីរ៉ង់បានស្នើបញ្ចូលបណ្ដាប្រទេសអារ៉ាប់ទៅក្នុងកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ជាការបដិសេធទៅនឹងការប្រឆាំងជំទាស់របស់សហរដ្ឋអាមេរិកដែលថាអ៉ីរ៉ង់មិន បានផ្ដល់តម្លារភាព។ ការធ្វើបែបនេះគឺអ៉ីរ៉ង់ចាត់ទុកថាជាសម្បទានមួយ និងជាការធានាបន្ថែមថាកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់មានគោលដៅស៊ីវិលសុទ្ធសាធ និងមិនមែនជាជំហានឆ្ពោះទៅរក ការផលិតអាវុធនុយក្លេអ៊ែរដូចការចោទប្រកាន់របស់អ៉ីស្រាអែលនោះទេ។ តែទោះជាបែបនេះក្ដី លោក Bayat បាននិយាយថាវានៅមិនទាន់ច្បាស់ថាតើវិធីសាស្ត្របែបនេះអាចនឹងត្រូវបាន អនុវត្តទៅយ៉ាងដូចម្ដេចនោះទេ? សម្រាប់អ៉ីរ៉ង់ នេះគឺជាដំណោះស្រាយកុំឱ្យបាក់មុខមួយដែលនឹងអនុញ្ញាតឱ្យអ៉ីរ៉ង់អាចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាផ្លូវការ បើទោះជាការអនុវត្តតាមជម្រើស ខាងលើ មើលទៅដូចជាមិនអាចទៅរួចក៏ដោយ។

* ការគាំទ្រនៅក្នុងតំបន់
បណ្ដាប្រទេសអារ៉ាប់បានបង្ហាញការគាំទ្រចំពោះកិច្ចចរចាបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ សម្រាប់បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា វាជារឿងសំខាន់បំផុតដែលសង្រ្គាមថ្មីណាមួយ នឹងមិនផ្ទុះឡើងថែមទៀត។ លោកស្រី Sina Azodi បាននិយាយថាប្រទេសអារ៉ាប់ដែលកំពុងប្រឹងប្រែងអភិវឌ្ឍប្រទេសត្រូវការជាចាំបាច់នូវស្ថិរភាព និងសន្តិសុខ។ កាលពីឆ្នាំ២០១៩ ខណៈភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងអំឡុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ ក្រុមហ៊ូទីនៅយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់បានបើកការវាយប្រហារលើ រោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត។

«ក្រោយការវាយប្រហារនោះ ទីក្រុងរីយ៉ាដធ្លាប់រំពឹងថាសហរដ្ឋអាមេរិកនឹងបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាដើម្បីការពារអារ៉ាប៊ីសាអូឌីតក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា។ ក៏ប៉ុន្តែប្រតិកម្មដែល អារ៉ាប៊ីសាអូឌីតរំពឹងទុកនោះមិនបានកើតឡើងឡើយ ជាហេតុជំរុញឱ្យអារ៉ាប៊ីសាអូឌីតចាប់ផ្ដើមទទួលស្គាល់ថាទំនាក់ទំនងរឹងមាំមួយជាមួយអ៉ីរ៉ង់គឺផ្ដល់អត្ថាប្រយោជន៍ខាងយុទ្ធសាស្ត្រ»។ នេះជាការបន្ថែមរបស់លោកស្រី Azodi។ ម្លោះហើយ ទំនាក់ទំនងទ្វេភាគីរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតមានការប្រែប្រួលយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែតុលា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ និងបានជួបព្រះអង្គម្ចាស់រជ្ជទាយាទមហាំម៉ាត់ ប៊ីនសាល់ម៉ាន។ រហូតដល់ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman Al Saud បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចទៅកាន់អ៉ីរ៉ង់ និងបានជួបមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។

ប៉ុន្មានឆ្នាំក្រោយតានតឹងនឹងគ្នា ប្រទេសជាគូសត្រូវទាំង២ឥលូវបានងាកមកធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនត្រឡប់ទៅរកភាពប្រក្រតីវិញ ហើយមានពេលខ្លះពួកគេថែមទាំង ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការយោធាទៀតផង៕