(វ៉ាស៊ីនតោន)៖ ការត្រឡប់មកកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមានការប្រែប្រួលជាខ្លាំង រាប់ចាប់ពីពាណិជ្ជកម្ម អ៊ុយក្រែន និងមជ្ឈិមបូព៌ាជាដើម។ ប៉ុន្តែមកទល់នឹងបច្ចប្បន្ន រដ្ឋបាលលោក ត្រាំ បានផ្តោតការយកចិត្តទុកដាក់តិចតួចចំពោះកូរ៉េខាងជើង បើទោះជាកូរ៉េខាងជើងកាន់តែឡើងចាងជាមុនក៏ដោយ។ ក្នុងឆ្នាំ២០២៥ ពោលគិតមកត្រឹមម៉ោងនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដមីស៊ីលចំនួន៩លើក Hack យកលុយគ្រីបតូជាង១.៥ពាន់លានដុល្លារ បញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន និងបន្តបង្កើនការអភិវឌ្ឍអាវុធ។ ចាប់តាំងពីឡើងកាន់តំណែងមក លោក ត្រាំ ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍បើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង។ តែសំណួរដ៏សំខាន់នៅទីនេះនោះគេថាតើ លោកត្រូវធ្វើរបៀបណា ទើបអាចបបួលលោក គីម ត្រឡប់មករកតុចរចាជាថ្មី?
* កូរ៉េខាងជើងកាន់តែឡើងចាង
ក្រុមអ្នកវិភាគដូចជាលោក Victor Cha ជាអ្នកជំនាញភូមិសាស្ត្រនយោបាយម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) បាននិយាយថាកូរ៉េខាងជើងឥលូវគឺខុសប្លែកខ្លាំងពី កូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជាពេលដែលលោក ដូណាល់ ត្រាំ បានជួបចរចាជាមួយលោក គីម ជុងអ៊ុន។ ហេតុផលធំមួយដែលមិនដូចគ្នា នោះគឺប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងផ្ដល់នូវអ្វីដែលលោក គីម ចង់បាន រួមមានទាំងស្បៀង ឥន្ធនៈ លុយ បច្ចេកវិទ្យាយោធា និងការចុះកិច្ចព្រមព្រៀងយោធាការពារគ្នាទៅវិញទៅមកកាលពីខែមិថុនា ឆ្នាំ២០២៤។ ការគាំទ្ររបស់រុស្ស៉ី ពិតជាមានសារៈសំខាន់ណាស់សម្រាប់លោក គីម ដោយសារតែសេដ្ឋកិច្ចកូរ៉េខាងជើងកំពុងយ៉ាប់យ៉ឺន ក្រោយការបិទខ្ទប់ប្រទេសជាង៣ឆ្នាំកន្លះដើម្បីទប់ស្កាត់កូវីដ១៩។ កូរ៉េខាងជើងក៏កាន់តែឡើងចាងដែរ ដោយសារតែការខិតជិតគ្នារវាងចិន រុស្ស៉ី និងអ៉ីរ៉ង់ ដើម្បីប្រឆាំងសហរដ្ឋអាមេរិក ស្របពេលរបបដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ត្រូវបានរំសាយចោលក្រោយរុស្ស៉ីបោះឆ្នោតវេតូប្រឆាំងជំទាស់ទៅនឹង ការបន្តអាណត្តិនៃដំណោះស្រាយ UN លេខ ១៧១៨ ដែលកំណត់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងចាប់តាំងពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរកាលពីខែតុលា ឆ្នាំ២០០៦ និងបង្កើតអង្គភាពមួយ ដើម្បីតាមដានការអនុវត្តទណ្ឌកម្មរបស់បណ្ដាប្រទេសជាសមាជិក UN។ សព្វថ្ងៃ ទាំងទីក្រុងប៉េកាំង និងមូស្គូមិនបានអនុវត្តតាមដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងកូរ៉េខាងជើងឡើយ ជាហេតុធ្វើឱ្យកូរ៉េខាងជើងនៅតែអាចបន្តធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយរុស្ស៉ី និងចិន។ លើសពីនេះទៅទៀត កូរ៉េខាងជើងក៏បានពង្រីកឃ្លាំងអាវុធគួរឱ្យកត់សម្គាល់ដែរ ចាប់តាំងពី លោក ត្រាំ និងលោក គីម បានជួបគ្នាកាលពី ៧ឆ្នាំមុន។ មានការវាយតម្លៃថាកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ៥០គ្រាប់ ក្នុងនោះរួមមានក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចសម្រាប់បំពាក់លើមីស៊ីលតាក់ទិក ហើយមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់អាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរ៤០គ្រាប់បន្ថែមទៀត។ ឃ្លាំងអាវុធរបស់លោក គីម នៅតែបន្តពង្រីកជាមួយការបង្កើនការផលិតមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការដោយឥន្ធនៈរឹង មីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក មីស៊ីលល្បឿនលឿនជាងសំឡេង ដ្រូនប្រយុទ្ធ និងដ្រូនស៊ើបការណ៍ អាវុធនុយក្លេអ៊ែរតាក់ទិក នាវាចម្បាំង និងនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ។ ដូចដែលបានរៀបរាប់នេះ កូរ៉េខាងជើងមានសន្លឹកបៀច្រើនជាងពីមុនដើម្បីលេងជាមួយលោក ត្រាំ។
* ដូច្នេះតើលោក ត្រាំ អាចបបួលគីម ជួបគ្នាបានឬ?
ក្នុងអាណត្តិទី២ជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់រួចហើយពីបំណងចង់ជួបលោក គីម និងអះអាងពីទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ។ ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើលោក ត្រាំ អាចបញ្ចុះបញ្ចូលឱ្យលោក គីម ត្រឡប់មករកតុចរចាវិញដោយរបៀបណាឡើយ? ខណៈការដកទណ្ឌកម្មលែងជាសម្បទានដ៏ទាក់ទាញមួយដូចកាលពីឆ្នាំ២០១៨ទៀតនោះទេ ក៏ព្រោះតែរបបទណ្ឌកម្ម UN បានដួលរលំទៅហើយ។ លោក ត្រាំ ក៏មិនអាចពឹងផ្អែកតែមួយគត់លើអំណាចរបស់លោក ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយឡើយ។ ផ្ទុយទៅវិញ លោក ត្រាំ ប្រហែលជានឹងត្រូវពង្រីកវិសាលភាពនៃ ការផ្ដល់សម្បទាន។ តាមលោក Victor Cha លោក ត្រាំ អាចនឹងមើលឃើញថាកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ត្រូវតែធ្វើឡើងក្រោមគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំ ឬ America first ដោយនឹងលែងសូវផ្តោតលើការរំសាយអាវុធនុយក្លេអ៊ែរ តែត្រូវគិតជាចម្បងក្នុងការកាត់បន្ថយការគំរាមកំហែងដល់ទឹកដីសហរដ្ឋអាមេរិក។ បើអនុវត្តតាមជំហាននេះ រឿងដែលសំខាន់ គឺការតម្រូវឱ្យមានការហាមឃាត់លើការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ការអភិវឌ្ឍមីស៊ីល ICBM និងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់កូរ៉េខាងជើង។ លោក ត្រាំ ក៏អាចនឹងតម្រូវឱ្យកូរ៉េខាងជើងសន្យា មិនបញ្ជូនអាវុធ ឬបច្ចេកវិទ្យាអាវុធទៅកាន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាអ៉ីរ៉ង់ និងបញ្ឈប់ការបញ្ជូនអាវុធរួមទាំងកងទ័ពឱ្យទៅជួយរុស្ស៉ីផងដែរ។
* តើលោក ត្រាំ មានអ្វីឱ្យកូរ៉េខាងជើង?
ជាថ្នូរត្រឡប់ទៅវិញ លោក ត្រាំអាចនឹងបំភ្លេចចោលកិច្ចចរចាស្ដីពីកម្មវត្ថុរំសាយអាវុធនុយក្លេអ៊ែរ ការរំសាយការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំរាប់ពាន់ដើមរបស់កូរ៉េខាងជើង នៅតាមបណ្ដោយ ព្រំដែនដែលគំរាមកំហែងដល់កូរ៉េខាងត្បូង និងជប៉ុន តែមិនគំរាមកំហែងដល់សហរដ្ឋអាមេរិកទេ។ លោក ត្រំា អាចនឹងបោះបង់ចោលគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីដូរយកមកវិញនូវវិធានការ គ្រប់គ្រងអាវុធ។ នៅទីនេះ អ្វីដែលកូរ៉េខាងជើងចង់បានពីទីក្រុងវ៉ាស៊ីនតោន គឺការទទួលស្គាល់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយហ្នឹងគេដែរ។ បើទោះជាការទទួលស្គាល់នេះនឹងមិនផ្ដល់ប្រយោជន៍ ជាក់ស្ដែងក៏ពិតមែន តែវាមានសារៈសំខាន់ណាស់សម្រាប់របបដឹកនាំលោក គីម ជុងអ៊ុន។ តាមពិតទៅ ទោះជាចេតនា ឬអចេតនា សេចក្ដីថ្លែងការណ៍របស់លោក ត្រាំ នាពេលកន្លងមក បានបង្ហាញរួចហើយថា លោកបានទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ។ សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានលើកឡើងដែរថា កូរ៉េខាងជើងមួយដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានកែប្រែ ការបដិសេធជាង ៣ទសវត្សរ៍មកនេះរបស់សហរដ្ឋអាមេរិកចំពោះឋានៈជារដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ពាក្យសម្ដីទាំងនេះអាចនឹងជំរុញឱ្យលោក គីម កាន់តែមានអារម្មណ៍ចង់ចរចាជាមួយអាមេរិក។
តែទោះជាបែបនេះក្ដី ត្រឹមតែពាក្យសម្ដីប៉ុន្មានម៉ាត់ វាមិនអាចនាំទៅរកកិច្ចព្រមព្រៀងមួយនោះទេ។ ប្រសិនបើលោក ត្រាំ ចង់បានសម្រេចបានគោលដៅដូចដែលបានរៀបរាប់ខាងលើដូចជាបញ្ឈប់ការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ មីស៊ីល ICBM ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ បញ្ឈប់ការបញ្ជូនអាវុធ និងកងទ័ពទៅជួយរុស្ស៉ី ឬផ្ទេរបច្ចេកវិទ្យាអាវុធទៅឱ្យអ៉ីរ៉ង់ នោះច្បាស់ណាស់ សហរដ្ឋអាមេរិកអាចនឹងត្រូវបំពេញតាមក្ដីប្រាថ្នាមួយទៀតរបស់កូរ៉េខាងជើង គឺការដកកងទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា លោក ត្រាំ តាំងតែពីអាណត្តិទី១មក បានគំរាមដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង ដោយទាមទារឱ្យសេអ៊ូលបង្កើនការចូលរួមចំណែកក្នុងការចាយវាយរបស់កងទ័ពអាមេរិក។ «តើហេតុអ្វីបាន ជាយើងត្រូវធានាសុវត្ថិភាពឱ្យប្រទេសអ្នកមានទាំងអស់នោះដែលបានកេងចំណេញលើពួកយើង។ ឧទាហរណ៍ដូចជាកូរ៉េខាងត្បូង និងបណ្ដាប្រទេសដទៃទៀតដែលមិនបានចំណាយគ្រប់គ្រាន់លើកងទ័ព អាមេរិក?»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ ក្រុមអ្នកវិភាគជឿថាមេរៀនពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានដាស់រំឮកលោក គីម ឱ្យចងចាំជានិច្ចថាការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដូចដែលអ៊ុយក្រែនបានធ្វើក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នឹងនាំមកនូវផលវិបាកដ៏មហន្តរាយ ហើយលោក គីម ក៏ទំនងជាចាំមិនភ្លេចដែរពីជោគវាសនារបស់លោក Muammar al-Qaddafi ក្រោយអតីតមេដឹកនាំលីប៊ីរូបនេះសម្រេចចិត្តបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច៕