(វ៉ាស៊ីនតោន)៖ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ នៅចំពោះមុខគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាធំរបស់លោក ដូណាល់ ត្រាំ។ ជប៉ុនសព្វថ្ងៃកំពុងព្រួយបារម្ភពីការកើនឡើងឥទ្ធិពល និងសកម្មភាពយោធាចិននៅក្នុងតំបន់ រួមទាំងការគំរាមកំហែងពីកូរ៉េខាងជើង។ ក៏ប៉ុន្តែ អ្វីដែលជាក្ដីបារម្ភធំបំផុតរបស់ជប៉ុន នៅពេលនេះ នោះគឺសហរដ្ឋអាមេរិកនៅក្រោមអាណត្តិរបស់លោក ត្រាំ។ ពីព្រោះថាចាប់តាំងពីឡើងកាន់អំណាចមក លោក ត្រាំ បានធ្វើរឿងជាច្រើនដែលឱ្យសម្ព័ន្ធមិត្តដូចជាជប៉ុន ផ្ដើមយល់ថា «មិត្តអាចក្លាយជាសត្រូវដ៏ជូរចត់នឹងគ្នាគ្រប់ពេលវេលា»។
មានបញ្ហាប្រឈមបន្ទាន់ជាច្រើនដែលជប៉ុនត្រូវប្រឈម។ ជប៉ុនប្រហែលជាពិបាកក្នុងការបង្កើនកញ្ចប់ថវិកាយោធាឱ្យលើស២ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ GDP នៅក្រោយ ឆ្នាំ២០២៧ ស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានជំរុញនៅក្នុងសុន្ទរកថាមួយនាឱកាសចូលរួមវេទិកា Shangi-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីពេលថ្មី ឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់អាស៊ីបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៥ភាគរយនៃ GDP។ ក្រុមមន្ត្រីជប៉ុនបានសាទរដល់ការអះអាងឡើងវិញដែលថាតំបន់ប៉ាស៊ីហ្វិក ជាអាទិភាពចម្បងមួយរបស់ទីក្រុងវ៉ាស៊ីនតោន។ តែព្រមពេលជាមួយគ្នា ពួកគេនៅតែមានការសង្ស័យលើការប្ដេជ្ញាចិត្តរបស់អាមេរិក និងថាតើយុទ្ធសាស្ត្រផ្ដោតលើអាស៊ី ពិតជាដំណើរការ ដែរឬក៏យ៉ាងណា? ជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកនៅតែត្រូវត្រឡប់ទៅធ្វើអន្តរាគមន៍យោធានៅក្នុងតំបន់មជ្ឈិមបូព៌ា។
សម្រាប់ជប៉ុន ក្រៅពីសន្តិសុខ បញ្ហាសេដ្ឋកិច្ចគឺជារឿងឈឺក្បាលបំផុត។ តួយ៉ាងគឺការដំឡើងការយកពន្ធគយដែលធ្វើឱ្យជប៉ុនខកចិត្ត ហើយក្នុងនាមជាសម្ព័ន្ធមិត្ត តូក្យូសង្ឃឹមថាពួកគេ នឹងមិនត្រូវបានអាមេរិកចាត់ទុកជាសត្រូវពាណិជ្ជកម្មនោះទេ។ ការស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីរារាំងកុំឱ្យលោក ត្រាំ ដំឡើងការយកពន្ធគយកាន់តែធ្ងន់ធ្ងរ ទំនងជាអាចទៅរួច។ ដ្បិត ជប៉ុនមិនអាច ហើយក៏មិនមានសមត្ថភាពធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងពេលដែលខ្លួនកំពុងមើលឃើញពីការគំរាមកំហែងនៃសង្រ្គាមពិតប្រាកដមួយជាមួយចិន នោះឡើយ។ តែទោះជាបែបនេះក្ដី ជប៉ុនប្រហែលជានឹងចងចាំរឿងមួយមិនភ្លេចនោះទេ នោះគឺសហរដ្ឋអាមេរិកកំពុងបោះបង់ចោលការបើកចំហសេដ្ឋកិច្ចពិភពលោកដែលខ្លួនធ្លាប់បាន ប្រកាន់ខ្ជាប់។
នៅក្នុងការកត់សម្គាល់នៅឯវេទិកា Nikkei Future of Asia Forum នាពេលថ្មីៗនេះ ទាំងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងរដ្ឋមន្ត្រីការបរទេស លោក Takeshi Iwaya បានអះអាងថាជប៉ុន និងបណ្ដាប្រទេសជិតខាងរបស់ខ្លួនត្រូវតែធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីការពារពាណិជ្ជកម្មសេរី។ ការលើកឡើងបែបនេះទោះមិននិយាយចំៗ ក៏គេអាចដឹងថា មេដឹកនាំជប៉ុនទំនងជាចង់សំដៅថាអ្នកដែលកំពុងវាយប្រហារលើពាណិជ្ជកម្មសេរី គឺសហរដ្ឋអាមេរិក។ រវាងសហរដ្ឋអាមេរិក និងជប៉ុន វានៅមានបញ្ហានយោបាយទៀត។ រដ្ឋាភិបាលសំឡេងភាគតិចរបស់លោក Ishiba ត្រូវបានគេប្រមើលឃើញថាអាចនឹងបាត់បង់អាសនៈក្នុងការបោះឆ្នោតសភានៅពេលខាងមុខ ហើយរឿងបែបនេះកើតឡើងមែន នោះការទទួលខុសត្រូវនឹងធ្លាក់ទៅលើលោក Ishiba។ សម្រាប់លោក Hal Brands ជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយម្នាក់មកពីស្ថាប័ន American Enterprise Institute យល់ថា ទោះបីជានរណាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនក៏ដោយ ក៏ក្នុងរយៈពេលខ្លី ជប៉ុនប្រហែលជានៅតែមាននាយករដ្ឋមន្ត្រីម្នាក់ដែលទន់ខ្សោយដដែល។ ហើយនេះអាចនឹងបំផ្លាញ ដល់កិច្ចប្រឹងប្រែងជំរុញការធ្វើកំណែទម្រង់សេដ្ឋកិច្ច ឬសន្តិសុខធំៗ ខណៈជប៉ុនកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះស្រាប់ផងនោះ។
ដូច្នេះបើនយោបាយជប៉ុនគ្មានថាមពល ឬគ្មានភាពរស់រវើកទេ នោះសហរដ្ឋអាមេរិកក៏អាចនឹងប្រងើយកន្ដើយផងដែរ។ ធ្លាប់ជាកំពូលមហាអំណាចមួយដែលគេគោរព ឥលូវអាមេរិក ក្រោមជំនាន់របស់លោក ត្រាំ បែរជាធ្វើឱ្យគេបារម្ភ និងខឹងស្អប់ទៅវិញ។ លោក ត្រាំបានគំរាមដណ្ដើមយកទឹកដីពីសម្ព័ន្ធមិត្ត និងសម្លឹងបែបចង្អៀតចង្អល់ចំពោះសេដ្ឋកិច្ចពិភពលោក ហើយ ចូលចិត្តសម្លុតគំរាមសម្ព័ន្ធមិត្តខ្លួនឯង។ ក្រុមមន្ត្រីជប៉ុនបានទទួលស្គាល់ថាតុល្យភាពអំណាចក្នុងតំបន់នឹងសាបរលាបបាត់ ប្រសិនបើសហរដ្ឋអាមេរិកដកថយក្នុងពេលដែលចិន កំពុងរះឡើង។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកបានក្លាយជាឆ្អឹងខ្នងនៃគោលនយោបាយការបរទេសរបស់ជប៉ុន។ ក្នុងន័យនេះបើសម្ព័ន្ធភាពនេះ បាត់បង់សក្តានុពល នោះវិធានាការក្ដៅ ដូចជាការផលិតអាវុធនុយក្លេអ៊ែរអាចនឹងក្លាយជាតម្រូវការនៃការរស់រានមានជីវិតរបស់ជប៉ុន។
តាមលោក Hal Brands ក្នុងរយៈពេលខ្លី ប្រទេសមួយចំនួនតូចនឹងធ្វើការជាមួយសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធ។ ប៉ុន្តែក្នុងរយៈពេលវែង ប្រទេសទាំងនោះអាចនឹងកាន់តែខ្វាយខ្វល់ ចំពោះអ្វីដែលលោក ត្រាំ ប្រកាសដាក់ចេញជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងកិច្ចការពិភពលោក។ ដូច្នេះក្នុងពេលបច្ចុប្បន្ន សម្ព័ន្ធភាពរវាងអាមេរិក និងជប៉ុន នឹងមិនរង្គោះរង្គើរឡើយ បើទោះជាក្រុមអ្នកយុទ្ធសាស្ត្រជប៉ុនកំពុងគិតបម្រុងទុកជាមុនពីលទ្ធភាពនៃពិភពលោកមួយដែលសហរដ្ឋអាមេរិកអស់ឥទ្ធិពលគ្រប់គ្រងក៏ដោយ៕