(វ៉ាស៊ីនតោន)៖ មីស៊ីលរបស់អ៉ីរ៉ង់បានបន្តវាយប្រហារលើទីក្រុង Tel Aviv និងទីក្រុងកំពង់ផែ Haifa របស់អ៉ីស្រាអែលនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ជាការសងសឹកទៅនឹងអ៉ីស្រាអែលដែលបាន បើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមទូទាំងតំបន់មជ្ឈិមបូព៌ា។ តាមអ៉ីរ៉ង់ ការវាយប្រហារ របស់អ៉ីស្រាអែលចាប់តាំងពីថ្ងៃសុក្រមក បានសម្លាប់មនុស្សជាង ២២៤នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំយោធាសំខាន់ៗរបស់អ៉ីរ៉ង់ជាច្រើននាក់ ខណៈតួលេខអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៉ីរ៉ង់លើអ៉ីស្រាអែលចាប់តាំងពីថ្ងៃសុក្រ បានកើនដល់ ២៤នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ។

មកទល់នឹងម៉ោងនេះ ជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់មិនទាន់មានសញ្ញាធូរស្រាលនោះទេ ដោយគូសត្រូវទាំង២នៅតែបន្តវាយប្រហារដាក់គ្នា និងគំរាមកម្ទេចគ្នាទៅវិញទៅមក។ ដូច្នេះតើអ៉ីរ៉ង់មាន ជម្រើសអ្វីខ្លះនៅក្នុងជម្លោះរបស់ខ្លួនជាមួយអ៉ីស្រាអែល?

* ចៀសវាងការប្រយុទ្ធដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក
អ៉ីស្រាអែលអាចការពារខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាព មិនមែនត្រឹមតែមានប្រព័ន្ធខែលប្រឆាំងមីស៊ីលដូចជា Iron Dome តែប៉ុណ្ណោះទេ។ អ៉ីស្រាអែលក៏ត្រូវការជំនួយពីសហរដ្ឋអាមេរិកផងដែរ ដើម្បីទប់ស្កាត់ការវាយប្រហារពីអ៉ីរ៉ង់។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកមិនមែនជាភាគីមួយក្នុងជម្លោះបច្ចុប្បន្នរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់នោះទេ ប៉ុន្តែបានគំរាមថា អ៉ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើតេហេរ៉ង់ហ៊ានវាយប្រហារលើផលប្រយោជន៍ ឬមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ សម្រាប់អ៉ីរ៉ង់ ពិតណាស់ ការវាយប្រហារណាមួយ លើមូលដ្ឋានទ័ពអាមេរិក គឺជាសេណារីយ៉ូដ៏អាក្រក់មួយដែលខ្លួនចង់ចៀសជាទីបំផុតបើអាចទៅបាន។ ជាធម្មតា មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei តែងតែមានការប្រុងប្រយ័ត្នជានិច្ច ក៏ព្រោះតែមិនចង់ផ្ទុះជម្លោះ ឬសង្រ្គាមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ឬក៏ផ្ដល់លេសដល់ទីក្រុងវ៉ាស៊ីនតោនបន្ថែមអំណាចយោធារបស់ខ្លួនទៅឱ្យអ៉ីស្រាអែលឡើយ។

ការវាយប្រហាររួមគ្នាណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ត្រូវបានក្រុមអ្នកជំនាញជឿថាអាចកម្ទេចទីតាំងរោងចក្រនុយក្លេអ៊ែរដែលត្រូវបានការពារយ៉ាងល្អនៅក្រោមដីរបស់អ៉ីរ៉ង់ ហើយធ្វើឱ្យ អ៉ីស្រាអែលរឹតតែឡើងចាង។ ម្យ៉ាងវិញទៀត ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដូចជានៅកូវ៉ែត កាតា អារ៉ាប៊ីសាអូឌីត ឬតួកគីជាដើម មានតែធ្វើឱ្យអ៉ីរ៉ង់បង្កើតសត្រូវកាន់តែច្រើនឡើង ឬក៏អាចបង្ខំ ឱ្យពួកគេចូលរួមក្នុងជម្លោះតែប៉ុណ្ណោះ។ ប្រទេសទាំងនេះមានតម្លៃសម្រាប់អ៉ីរ៉ង់ ក្នុងនាមជាអ្នកសម្របសម្រួលផងដែរ។ ប៉ុន្តែ អ៉ីរ៉ង់នៅមានជម្រើសផ្សេងទៀត។ អ៉ីរ៉ង់បានគំរាមម្ដងហើយម្ដងទៀតថាខ្លួន នឹងបិទច្រកសមុទ្រ Hormuz ដែលអាចនឹងបញ្ឈប់ភ្លាមៗចរាចរណ៍ដឹកប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃ។ តម្លៃប្រេងដែលបានហក់ឡើងថ្លៃដល់ ៧៨ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទំនងជាអាចនឹងឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើអ៉ីរ៉ង់ពិតជាបិទច្រកសមុទ្រ Hormuz មែននោះ។ ការគំរាមបិទច្រកសមុទ្រ Hormuz គឺជាសន្លឹកបៀរមួយដែលអ៉ីរ៉ង់អាចនឹងយកប្រើ ប្រសិនបើជម្លោះអ៉ីស្រាអែលនៅតែបន្តធ្វើឡើង។

* រកផ្លូវបញ្ចប់ជម្លោះដោយកុំឱ្យបាក់មុខ
អ៉ីរ៉ង់នៅមានជម្រើសមួយទៀត នោះគឺស្វែងរកផ្លូវដោះស្រាយដោយសន្តិវិធីមួយដើម្បីបិទបញ្ចប់ជម្លោះមួយដែលអាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមជាមួយមហាអំណាចនុយក្លេអ៊ែរ ២ គឺអាមេរិក និងអ៉ីស្រាអែល។ សង្រ្គាមបែបនេះនឹងបង្កការខូចខាតយ៉ាងធំធេងដល់សេដ្ឋកិច្ច ដែលអាចនឹងធ្វើឱ្យអ៉ីរ៉ង់ធ្លាក់ចូលក្នុងចលាចលផ្ទៃក្នុង។ អ៉ីរ៉ង់ក៏ដឹងដែរថាខណៈសមត្ថភាពធ្វើសង្រ្គាមរបស់អ៉ីស្រាអែល មានដែនកំណត់ខ្លះៗក៏ពិតមែន តែមានរឿងមួយដែលអ៉ីរ៉ង់ពិបាកនឹងធ្វើដូចអ៉ីស្រាអែល នោះគឺការបំពេញស្ដុកអាវុធឡើងវិញ ដ្បិតអ៉ីស្រាអែលមានសហរដ្ឋអាមេរិកចាំជួយ។ ម្លោះហើយ រដ្ឋាភិបាលអ៉ីរ៉ង់ បានបញ្ជាក់ច្បាស់ៗរួចហើយថាតេហេរ៉ង់នឹងបញ្ឈប់ការវាយប្រហារ ប្រសិនបើអ៉ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនដែរនោះ និងថែមទាំងមានឆន្ទៈត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរជាមួយ សហរដ្ឋអាមេរិកទៀតផង។ «នៅពេលការវាយប្រហាររបស់អ៉ីស្រាអែលបិទបញ្ចប់ នោះយើងក៏នឹងបញ្ឈប់ការវាយប្រហារដូចគ្នាដែរ»។ នេះជាការគូសបញ្ជាក់របស់ប្រមុខការទូតអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃទី១៥ ខែមិថុនា។

តែទោះជាបែបនេះក្ដី វាក៏អាស្រ័យទៅលើសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំជាមនុស្សម្នាក់ដែលគេពិបាកប៉ាន់ស្មានចិត្តដែរ។ ក្នុងន័យនេះ លោក ត្រាំ ត្រូវដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ឱ្យបញ្ឈប់ការវាយប្រហារ។ តែវាមិនច្បាស់នោះទេថាលោក ត្រាំ មានឆន្ទៈធ្វើរឿងមួយនេះឬក៏អត់? វោហាសាស្ត្ររបស់លោក ត្រាំលើជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ បានប្រែប្រួលជាប្រចាំ ដោយម្ដងលោក ត្រាំ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រយុទ្ធគ្នា និងម្ដង សម្លុតគំរាមអ៉ីរ៉ង់។ អ៉ីរ៉ង់ដឹងខ្លួនឯងយ៉ាងច្បាស់ថាលោក ត្រាំ ជាមនុស្សម្នាក់ដែលគេពិបាកនឹងជឿទុកចិត្ត ឬពឹងផ្អែកបាន។ សហរដ្ឋអាមេរិកបានធ្វើឱ្យគេវិលក្បុល ដោយមុនមានការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់កាលពីសប្ដាហ៍មុន សេតវិមានបានអះអាងថាកិច្ចចរចានុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ខណៈបានដឹងជាមុនពីផែនការវាយប្រហាររបស់អ៉ីស្រាអែល។

នៅវិនាទីចុងក្រោយ កិច្ចចរចាត្រូវបានលុបចោល។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក គឺជាជម្រើសល្អមួយដែរសម្រាប់អ៉ីរ៉ង់ ដើម្បីទប់ស្កាត់អ៉ីស្រាអែល និងបិទបញ្ចប់ជម្លោះ ដែលមិនធ្វើឱ្យអ៉ីរ៉ង់បាក់មុខខ្លាំង៕