(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់បានជួយរុស្ស៉ីនៅឆ្នាំដំបូងនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ដោយផ្ដល់ដ្រូនដែលមូស្គូត្រូវការជាចាំបាច់ ហើយបានជួយរុស្ស៉ីក្នុងការសាងសង់រោងចក្រផលិតដ្រូនក្នុងស្រុក រហូតឈានដល់ការចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រថ្មីមួយ ក្នុងឆ្នាំ២០២៥នេះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដោយបានលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២ ក្នុងនោះរួមទាំងវិស័យការពារជាតិ។ ក៏ប៉ុន្តែ ៥ខែក្រោយសន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា រដ្ឋាភិបាលក្នុងប្រទេសអ៉ីរ៉ង់កំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់អាយុជីវិតនៃរបបដឹកនាំ របស់ពួកគេ ដោយសារតែការវាយប្រហាររបស់អ៉ីស្រាអែល ខណៈលោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាសល់ពេល ២សប្ដាហ៍ទៀត ដើម្បីពិរចាណាថាតើត្រូវចូលរួម ឬមិនចូលរួមក្នុងសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។
ខណៈមិនទាន់លូកដៃធ្វើអន្តរាគមន៍ដោយផ្ទាល់ សហរដ្ឋអាមេរិកបានក្លាយជាភាគីមួយក្នុងសង្រ្គាមរួចបាត់ទៅហើយតាមរយៈការជួយអ៉ីស្រាអែលបាញ់ស្កាត់បំផ្លាញដ្រូន និងមីស៊ីលពីអ៉ីរ៉ង់។ ចំណែក រុស្ស៉ីវិញ មកទល់នឹងពេលនេះមិនបានធ្វើអ្វីជាក់ស្ដែងទេ ក្រៅតែពីហៅទូរស័ព្ទ និងចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ដោយបានត្រឹមធ្វើភ្នែកភ្លឹះៗមើលអ៉ីស្រាអែលសំពងអ៉ីរ៉ង់។ រោងចក្រនុយក្លេអ៊ែរ មូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ ឬរងការខូចខាត ហើយមេបញ្ជាការយោធាកំពូលៗ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជាច្រើននាក់ រួមទាំងជនស៊ីវិលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនាមក។ អ៉ីស្រាអែលកាន់តែបង្កើនការវាយប្រហារលើអ៉ីរ៉ង់ តែមិនទាន់មានសញ្ញាថាទីក្រុងមូស្គូនឹងលូកដៃជួយតេហេរ៉ង់ នោះទេ។
លោក Nikita Smagin ជាអ្នកជំនាញម្នាក់ស្ដីពីទំនាក់ទំនងរុស្ស៉ី-អ៉ីរ៉ង់ បាននិយាយថា «នៅពេលនិយាយពីអ៉ីរ៉ង់ រុស្ស៉ីត្រូវពិចារណាថ្លឹងថ្លែងពីលទ្ធភាពនៃការផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដូច្នេះការជួយអ៉ីរ៉ង់ គឺខាតច្រើនជាងចំណេញ»។ ណាមួយតាមក្រុមអ្នកវិភាគ រុស្ស៉ីកំពុងជាប់រវល់នឹងកិច្ចការខ្លួនឯង គឺផ្ដោតជាអាទិភាពលើសង្រ្គាមប្រឆាំងអ៊ុយក្រែន ព្រមទាំងតម្រូវការ ចាំបាច់ក្នុងការថែរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀតមិនសូវត្រូវគ្នាជាមួយអ៉ីរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានជួយទីក្រុងមូស្គូគេចពីទណ្ឌកម្មរបស់លោកខាងលិច។ ក្រុមអ្នកវិភាគយល់ថា លោក ពូទីន ក៏មិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះដែរ និងចង់រក្សាការស្ដារទំនាក់ទំនងជាមួយលោក ត្រាំ ដែលបានអំពាវនាវឱ្យអ៉ីរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ដើម្បីបិទបញ្ចប់ ការវាយប្រហាររបស់អ៉ីស្រាអែល។ លើសពីនេះទៅទៀត រុស្ស៉ីកំពុងចំណេញកប់ក្ដោងពីការឡើងថ្លៃប្រេងចាប់តាំងពីជម្លោះផ្ទុះឡើង។ ជាមួយផលប្រយោជន៍ទាំងនេះ ក្រុមអ្នកវិភាគជឿថា លោក ពូទីន ទំនងជានឹងមិនលូកដៃចូលក្នុងជម្លោះ ឬក៏ផ្គត់ផ្គង់អាវុធឱ្យតេហរ៉ង់ឡើយ ក៏ព្រោះតែការធ្វើបែបនេះអាចនឹងធ្វើឱ្យរុស្ស៉ីប្រេះឆាទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតដែលកំពុងមាន ទំនាក់ទំនងល្អជាមួយរុស្ស៉ី តែមិនចង់ឃើញអ៉ីរ៉ង់មួយមានអំណាចយោធាខ្លាំងនោះទេ។ មានហេតុផលធំមួយទៀត នោះគឺដោយសារតែរុស្ស៉ីបានបាត់បង់កងទ័ព និងអាវុធយ៉ាងសម្បើមរួចទៅហើយ ក្នុងសង្រ្គាមអ៊ុយក្រែន រហូតរត់រកកូរ៉េខាងជើងឱ្យជួយ។
ដូច្នេះហើយ រុស្ស៉ីបានបង្ហាញពីចេតនាចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ ចេតនានេះជាការផ្លាស់ប្ដូរមួយពីអ្វីដែលរុស្ស៉ីធ្លាប់បានធ្វើកាលពីជាង១០ឆ្នាំ ជាពេលដែលមិត្ត របស់ខ្លួនគឺស៊ីរីប្រឈមនឹងការគំរាមកំហែង។ នៅស៊ីរី រុស្ស៉ីបានធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដើម្បីការពារររបបដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al Assad។ តែកិច្ចប្រឹងប្រែងនេះ បានបរាជ័យកាលពីខែធ្នូ ឆ្នាំ២០២៤ នៅពេលរបបដឹកនាំលោក Assad ដួលរលំ។ កន្លះឆ្នាំក្រោយមក មូស្គូកំពុងប្រឈមមុខនឹងការបាត់បង់មិត្តដ៏សំខាន់ម្នាក់ទៀត និងឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់មជ្ឈិមបូព៌ា។ «បញ្ហាពិតប្រាកដរបស់រុស្ស៉ី នោះគឺថាតើពួកគេអាចជួយអ៉ីរ៉ង់ដោយរបៀបណា ក្នុងពេលដែលមូស្គូកំពុងត្រូវការអាវុធទុកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនដែរនោះ»។ នេះជាការលើកឡើងរបស់លោក Thomas Graham ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន Council on Foreign Relations មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ត្រាំ លោក ពូទីន បានលើកឡើងនូវសំណើចង់ជួយចរចាជាមួយអ៉ីរ៉ង់ ដែលនេះអាចជាការព្យាយាមបញ្ចុះបញ្ចូលវ៉ាស៊ីនតោនថានៅមានផលប្រយោជន៍ជាច្រើនទៀត ក្នុងការធ្វើប្រក្រតីកម្ម ទំនាក់ទំនងជាមួយរុស្ស៉ី បើទោះជាលោក ពូទីនបានច្រានចោលសំណើពីសេតវិមានឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ តាមវិមានក្រឹមឡាំង លោក ពូទីន បានហៅទូរស័ព្ទទៅកាន់មេដឹកនាំអ៉ីរ៉ង់ និងអ៉ីស្រាអែល បន្ទាប់ពីជម្លោះផ្ទុះឡើង ហើយបានសង្ខេបប្រាប់លោក ត្រាំ ពីកិច្ចសន្ទនាទាំងនេះ។
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រសួងការបរទេសរុស្ស៉ីបានកត់សម្គាល់ថាសហរដ្ឋអាមេរិកបានត្រៀមលក្ខណៈជាស្រេចដើម្បីបន្តកិច្ចចរចាជាមួយអ៉ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលនេះទំនងជាការបញ្ជូន សារឱ្យអ៉ីរ៉ង់ពិចារណាត្រឡប់មករកតុចរចាវិញ។ លោកស្រី Hanna Notte ជានាយកកម្មវិធី Eurasia មកពីអង្គការ Jame Martin Center for Nanproliferetion Studies បាននិយាយថា «រុស្ស៉ីមាន បំណងស្ដារទំនាក់ទំនងឡើងវិញ និងបង្ហាញប្រាប់សហរដ្ឋអាមេរិកថាខ្លួនអាចធ្វើជាអន្តរការីលើគ្រប់កិច្ចការពិភពលោកទាំងអស់ ក្នុងនោះរួមមានទាំងសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយកុំនិយាយពី អ៊ុយក្រែន»។ ប៉ុន្តែលោកស្រីយល់ថាលោក ពូទីន កំពុងប្រថុយនឹងការធ្វើឱ្យឃ្លាតឆ្ងាយទំនាក់ទំនងជាមួយអ៉ីរ៉ង់ ដែលតាមពិតមិនជឿទុកចិត្តលើរុស្ស៉ីជាយូរមកហើយ ដោយបារម្ភថាទីក្រុងមូស្គូអាចនឹង ប្រើអ៉ីរ៉ង់ជាថ្នូរចរចាជាមួយសហរដ្ឋអាមេរិក ហើយចុងក្រោយរុញអ៉ីរ៉ង់ដូចជារុញស៊ីក្លូចូលឡាននៅថ្ងៃណាមួយ។
គួរបញ្ជាក់ថា រុស្ស៉ីបានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេបំផុតរបស់អ៉ីរ៉ង់កាលពីឆ្នាំ២០២៤។ រុស្ស៉ីបានផ្គត់ផ្គង់អាវុធឱ្យអ៉ីរ៉ង់ តែមិនបានផ្ដល់អាវុធ ឬបច្ចេកវិទ្យាអាវុធទំនើបៗដែលអ៉ីរ៉ង់ត្រូវការនោះទេ ហើយគួរផ្សំថ្មីៗនេះលោក ពូទីនបានសាងទំនាក់ទំនងមិត្តភាពជាមួយអ៉ីស្រាអែលផងនោះ វានឹងកាន់តែធ្វើរុស្ស៉ីស្មុគស្មាញ ឬស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់អាវុធទំនើបឱ្យអ៉ីរ៉ង់។ លោក ពូទីន ក៏កំពុងពង្រឹង ទំនាក់ទំនងផងដែរជាមួយបណ្ដាប្រទេសអារ៉ាប់ដែលមិនចង់ឃើញអ៉ីរ៉ង់មានអំណាចយោធាខ្លាំងក្នុងតំបន់។ «អ៉ីរ៉ង់បានស្នើសុំរុស្ស៉ីឱ្យផ្គត់ផ្គង់អាវុធកាលពីប៉ុន្មានឆ្នាំមុន។ អ៉ីរ៉ង់បានស្នើសុំយន្ដហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាស។ តែសម្រេចសម្រួចទៅ រុស្ស៉ីមិនទាន់ឱ្យអ្វីអ៉ីរ៉ង់នោះទេ»។ នេះបើតាមលោក Nikita Smagin។ លោកបន្ថែមថាអ៉ីរ៉ង់ឥលូវកំពុងតស៊ូប្រយុទ្ធដើម្បីការពារខ្លួនឯង ហើយដោយសារតែរឿងនេះ វាអាចនឹងធ្វើឱ្យឥទ្ធិពលរបស់រុស្ស៉ីនៅមជ្ឈិមបូព៌ាកាន់តែចុះខ្សោយ៕