(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែច្រើនឡើងឱ្យលាលែងចេញពីតំណែង បន្ទាប់ពីកាន់អំណាចបានជាង១០ខែ ពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកស្រីក៏កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើនដែរ។ ក្នុងនោះសកម្មជននយោបាយថៃ បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែមិថុនា ដោយស្នើឱ្យបើកការស៊ើបអង្កេតថាតើលោកស្រី Paetongtarn បានបំពានលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែរឬក៏យ៉ាងណា ដើម្បីដំណើរការនិតិវិធីទម្លាក់លោកស្រីចេញពីតំណែង។ ប្រធានគណៈកម្មាធិការយោធា និងសន្តិសុខនៃព្រឹទ្ធសភាបានដាក់ពាក្យបណ្ដឹងមួយដែរទៅកាន់គណៈកម្មការជាតិប្រឆាំងអំពើ ពុករលួយ ខណៈអតីតសមាជិកព្រឹទ្ធសភាម្នាក់ទៀត បានដាក់ញត្តិកាន់ប៉ូលិសនៃការិយាល័យស៊ើបអង្កេតកណ្ដាល ដោយចោទប្រកាន់លោកស្រី Paetongtarn នៅក្រោមច្បាប់ផ្នែក ១១៩-១២០។ អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប្រឆាំងសន្តិសុខជាតិអាចប្រឈមមុខនឹងទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។

លើសពីនេះទៅទៀត គណបក្ស Bhumjaithai ដែលទើបតែប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានប្រកាសថាខ្លួននឹងដាក់ញត្តិស្នើ​ឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងលោកស្រី Paetongtarn នៅពេលសម័យប្រជុំសភាលើកទី៣ បើកទ្វារនៅថ្ងៃទី៣ ខែកក្កដាខាងមុខ។ តែទោះជាប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវឱ្យចុះចេញពីតំណែងក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់បក្សភឿថៃម្នាក់បាននិយាយថាលោកស្រី Paetongtarn នឹងមិនលាលែងចេញពីតំណែងនោះទេ។ ក្រុមអ្នកវិភាគ និងអ្នកតាមដាននយោបាយថៃខ្លះជឿថាលោកស្រី Paetongtarn អាចនឹងត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលប៉ុន្មានខែខាងមុខ ឬក្នុងពេលដ៏ខ្លីក៏ថាបាន ដោយគ្រាន់តែគេត្រូវរង់ចាំមើលថាតើលោកស្រីនឹងរបូតតំណែងនាយករដ្ឋមន្ត្រីតាមផ្លូវរដ្ឋប្រហារ ឬតុលាការ?

ក្រុមអ្នកវិភាគបាននិយាយថាយោធាថៃកំពុងទទួលបានការគំាទ្រពីប្រជាជនថៃ​ ក្នុងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ក្នុងពេលដែលរដ្ឋាភិបាលរបស់លោកស្រី Paetongtarn កំពុងធ្លាក់កូដ។ ការស្ទង់មតិមួយថ្មីៗនេះបានបង្ហាញថា ៨៦ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍ បានឆ្លើយថាពួកគេជឿជាក់លើយោធា ធៀបទៅនឹង៣១ភាគរាយជឿជាក់លើរដ្ឋាភិបាល ជុំវិញការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ មិនតែប៉ុណ្ណោះ ការផ្ទុះឡើងនូវបាតុកម្មតវ៉ាតាមដងផ្លូវដើម្បីទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែងកំពុងបង្កើនការសង្ស័យថាយោធាអាចនឹងធ្វើអន្តរាគមន៍ ក្រោមលេស ស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។

លោក Napon Jatusripitak ជាអ្នកជំនាញការសិក្សាពីថៃ មកពីវិទ្យាស្ថាន SEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរីបាននិយាយថា «ប្រវត្តិសាស្ត្រកំពុងកើតឡើងច្រំដែល»។ លោក Napon យល់ថាត្រកូល Shinawatra មានមធ្យោបាយជាច្រើនដើម្បីដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែបែរជាបង្កឱ្យមានកំហុសដោយទុកឱកាសយ៉ាងងាយឱ្យក្រុមអ្នកអភិរក្សនិយមចាត់ទុកពួកគេថាកំពុងក្បត់ប្រទេសជាតិ និងលក់ប្រទេស ដើម្បីតែផលប្រយោជន៍គ្រួសារខ្លួនឯងទៅវិញ។ តាមពិតទៅ ក្រុមអ្នកមានភក្ដីភាពនឹងរាជានិយម និងក្រុមអ្នកអភិរក្សនិយម មិនជឿទុកចិត្តរួចទៅហើយលើលោកស្រី Paetongtarn ដោយសារតែឪពុករបស់ លោកស្រី គឺលោក Thaksin ដែលត្រូវបានគេជឿថាជាអ្នកបញ្ជាគណបក្សភឿថៃ និងលោកស្រីនៅពីក្រោយឆាក។ តាមលោក Mark S. Cogan ជាសាស្ត្រចារ្យរងជំនាញសិក្សាពីសន្តិភាព និងជម្លោះមកពីសាកលវិទ្យាល័យ Kansai Gaidai បាននិយាយថាជម្លោះព្រំដែនជាមួយកម្ពុជា គឺជាការបន្ថែមបញ្ហាលើបញ្ហា ខណៈរដ្ឋាភិបាលលោកស្រី Paetongtarn កំពុងបាត់បង់ទំនុកចិត្តពីប្រជាជនថៃស្រាប់ចំពោះការបរាជ័យក្នុងការអនុវត្តកម្មវិធីនយោបាយដែលខ្លួនបានសន្យា ក្នុងនោះរួមមានទាំងការស្ដារសេដ្ឋកិច្ចថៃឡើងវិញ។

«ការបាត់បង់ទំនុកចិត្តលើត្រកូល Shinawatras គួបផ្សំនឹងបរាជ័យរបស់បក្សភឿថៃក្នុងការស្ដារជីវភាពប្រជាជន រួមទាំងវិបត្តិព្រំដែនកម្ពុជា គឺប្រៀបដូចជាការហុចដងទៅឱ្យគណបក្សប្រឆាំង ជាពិសេសគឺ យោធា»។ នេះបើតាមលោក Napon។ សម្រាប់លោក Termsak Chalermpalanupap ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak Institute យោធាមិនចាំបាច់ធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បី ទម្លាក់លោកស្រី Paetongtarn នោះទេ។ ពីព្រោះថាជាមួយការដកខ្លួនរបស់បក្ស Bhumjaithai អ្វីដែលត្រូវការចាំបាច់នៅពេលនេះ នោះគឺគណបក្សជាដៃគូធំណាមួយផ្សេងទៀតក្នុងចម្រុះដូចជាគណបក្ស United Thai Nation Party ដែលជាបក្សអភិរក្សនិយមគាំទ្រយោធា ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។ ប៉ុន្តែតាមលោក Termsak បច្ចុប្បន្ន វាដូចជាលឿនពេកដែលគេត្រូវអំពាវនាវឱ្យរំលាយរដ្ឋសភា ខណៈ ការបោះឆ្នោតសកលចុងក្រោយបំផុតទើបតែធ្វើឡើងមិនបានប៉ុន្មានឆ្នាំផង។ «ដូច្នេះវាមានលទ្ធភាពអាចទៅរួចថានឹងមានការតែងតាំងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ហើយព្យាយាមដោះស្រាយបញ្ហាព្រំដែន មុនគេ»។ នេះជាការគូសបញ្ជាក់របស់លោក Termsak។ យ៉ាងណាក៏ដោយ ខណៈលោកស្រី Paetongtarn បានច្រានចោលការអំពាវនាវឱ្យលោកស្រីលាលែងចេញពីតំណែង ការទម្លាក់លោកស្រីពីអំណាច ប្រហែលជាអាចនឹងត្រូវធ្វើឡើងតាមតុលាការធម្មនុញ្ញ ដូចគ្នាទៅនឹងករណីលោកស្រី Yingluck ដែលជាមីងរបស់លោកស្រី និងលោក Srettha។

ក្រុមអ្នកវិភាគជឿថាវានឹងក្លាយជារឿងដ៏ពិបាកសម្រាប់លោកស្រី Paetongtarn ក្នុងការងើបចេញពីរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ ហើយគណបក្សភឿថៃមានជម្រើសតិចតួចបំផុត ឬក៏អាចត្រូវបង្ខំចិត្តលែងដៃលោកស្រី Paetongtarn ដើម្បីអាចឱ្យបក្សបន្តដឹកនាំរដ្ឋាភិបាលចម្រុះ។

គួរបញ្ជាក់ថា យោធាថៃបានដឹកនាំការធ្វើរដ្ឋប្រហារដោយជោគជ័យចំនួន១៣លើករួចមកហើយ ក្នុងនោះរដ្ឋប្រហារ២ចុងក្រោយបំផុត គឺទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី Yingluck Shinawatra កាលពីឆ្នាំ២០១៤ និងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយលោក Thaksin កាលពីឆ្នាំ២០០៦៕