(វ៉ាស៊ីនតោន)៖ ក្នុងពេលដែលយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-2 ទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្រុមអ្នកជំនាញក្នុងតំបន់អាស៊ីបូព៌ាបាននាំគ្នាសាកល្បងឆ្លើយនឹងសំណួរដ៏សំខាន់មួយ គឺថាតើការទម្លាក់គ្រាប់បែកនេះបញ្ជូនសារអ្វីទៅឱ្យកូរ៉េខាងជើងដែលជាប្រទេសមួយមានកម្មវិធីនុយក្លេអ៊ែរទំនើបជាងអ៉ីរ៉ង់? ក្រុមអ្នកជំនាញបានព្រមានថាសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងកាន់តែពង្រឹងការប្ដេជ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការពន្លឿនកម្មវិធីអាវុធរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងលើកទឹកចិត្តឱ្យលោក គីម ជុងអ៊ុន មានជំនឿចិត្តរឹតតែខ្លាំងថាអាវុធនុយក្លេអ៊ែរជាមធ្យោបាយមួយមិនអាចខ្វះបាន ក្នុងការកំញើញទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាមេរិកដើម្បីផ្លាស់ប្ដូររបបដឹកនាំ។

ទោះបីជាមានកិច្ចប្រឹងប្រែងជាច្រើនឆ្នាំបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ ក៏របបដឹកនាំលោក គីម ជុងអ៊ុនត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ រួមទាំងមីស៊ីលដែលអាចបាញ់ដល់សហរដ្ឋអាមេរិកទៀតផង ដែលនេះមានន័យថាការវាយប្រហារណាមួយលើកូរ៉េខាងជើងជាការប្រថុយនឹងគ្រោះថ្នាក់ខ្លាំងបំផុត។

* អ៉ីរ៉ាក់ លីប៊ី អ៉ីរ៉ង់ និងមេរៀនពីអន្តរាគមន៍យោធារបស់អាមេរិក
លោក Victor Cha ជាប្រធានកម្មវិធីកូរ៉េមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ បាននិយាយថានៅក្នុងកែវភ្នែកលោក គីម ជុងអ៊ុន សកម្មភាពយោធាថ្មីៗនេះរបស់អាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ បានបង្ហាញឱ្យគេឃើញថាប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរដូចជា អ៉ីរ៉ាក់ លីប៊ី និងអ៉ីរ៉ង់ គឺងាយរងគ្រោះនឹងការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក។ កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន៦លើករួចមកហើយ និងបានអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយជាមួយការសម្លឹងឃើញថាឃាំ្លងអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនអាចក្លាយជាប្រធានបទនៃកិច្ចចរចានោះទេ។

តាមលោក Cha ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ នឹងបន្សល់ទុកនូវការចងចាំមួយមិនអាចបំភ្លេចបានសម្រាប់លោក គីម។ អ្នកជំនាញរូបនេះយល់ថាការទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់នឹងមានតែដាស់រំឮករឿង២យ៉ាងដល់កូរ៉េខាងជើង ហើយរឿង២យ៉ាងនេះសុទ្ធតែមិនអំណោយផលចំពោះ គោលនយោបាយអាមេរិក។ រឿងទី១៖ គឺមិនត្រូវឱ្យសហរដ្ឋអាមេរិកមានជម្រើសប្រើប្រាស់កម្លាំងបាយលើកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដូចដែលលោក ត្រាំ បានរួមដៃគ្នាជាមួយអ៉ីស្រាអែលធ្វើដាក់អ៉ីរ៉ង់នោះទេ។ រីឯរឿងទី២៖ ការវាយប្រហារលើអ៉ីរ៉ង់គឺមានតែពង្រឹងផ្នត់គំនិតរបស់លោក គីម ក្នុងការបន្តអភិវឌ្ឍ និងកាន់កាប់អាវុធនុយក្លេអ៊ែរ។ លោក Leif-Eric Easley ជាសាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិមកពីសាកលវិទ្យាល័យ Ewha Womans ក្នុងទីក្រុងសេអ៊ូល បាននិយាយថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានភាពរីកច្រើនខ្លាំងជាងអ៉ីរ៉ង់ និងថែមទាំងមានអាវុធដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះដូចជា មីស៊ីលបាលិស្ទីកអន្តរទ្វីប ICBM។ លោកបន្ថែមថារបបដឹកនាំលោក គីម អាចបង្កការគំរាមកំហែងដល់ទឹកដីអាមេរិក ខណៈអាវុធជាច្រើនប្រភេទផ្សេងទៀតរបស់កូរ៉េខាងជើងអាចបាញ់ដល់គ្រប់ទីកន្លែងនៅលើទឹកដីកូរ៉េខាងត្បូង។

ចំណែក អ៉ីរ៉ង់វិញមិនទាន់ផលិតបានអាវុធសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅឡើយទេ ហើយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក៏មិនទាន់ដល់កម្រិតអាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរបាននៅឡើយដែរ។ នេះបើតាមការវាយតម្លៃចុងក្រោយបំផុតរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានគេជឿថាមានក្បាលនុយក្លេអ៊ែរចន្លោះពី ៤០ ដល់៥០គ្រាប់ រួមជាមួយអាវុធសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរអាចបាញ់ដល់គ្រប់ទីកន្លែងក្នុងតំបន់ និងអាចដល់ទឹកដីអាមេរិកទៀតផង។ «ដូច្នេះការវាយប្រហារណាមួយលើកូរ៉េខាងជើងអាចនឹងបង្កទៅជាសង្រ្គាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ»។ នេះជាការព្រមានរបស់លោក Lim Eul-chul ជាសាស្ត្រាចារ្យម្នាក់ជំនាញសិក្សាពីកូរ៉េខាងជើង មកពីសាកលវិទ្យាល័យ Kyungnam ក្នុងប្រទេសកូរ៉េខាងត្បូង។ តាមអ្នកជំនាញរូបនេះ នៅក្រោមសន្ធិសញ្ញាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ត្រូវតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយកូរ៉េខាងត្បូង និងត្រូវពិចារណាផងដែរលើមហាអំណាចមួយទៀត គឺរុស្ស៉ីជាមុនសិន។

ខុសពីអ៉ីរ៉ង់ កូរ៉េខាងជើងមានសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ី ដោយសន្ធិសញ្ញានេះអនុញ្ញាតឱ្យរុស្ស៉ីធ្វើអន្តរាគមន៍ជួយកូរ៉េខាងជើងដោយស្វ័យប្រវត្តិ ក្នុងករណីព្យុងយ៉ាង រងការវាយប្រហារ។ នេះមានន័យថាកត្តាសមត្ថភាពនុយក្លេអ៊ែរ សម្ព័ន្ធមិត្តក្នុងតំបន់របស់សហរដ្ឋអាមេរិក បូករួមទាំងការគាំទ្រពីរុស្ស៉ី អាចនឹងក្លាយជាយ័ន្តការពារកូរ៉េខាងជើងពីសកម្មភាពយោធាឯកតោភាគីដែលសហរដ្ឋអាមេរិកអនុវត្តលើអ៉ីរ៉ង់។ តាមលោក Lim Eul-chul ការវាយប្រហារលើអ៉ីរ៉ង់ប្រហែលជាមិនអាចក្លាយជាការកំញើញទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរបានទេ។ តែផ្ទុយទៅវិញ ការវាយប្រហារនេះនឹងកាន់តែពង្រឹងការមិនជឿទុករបស់កូរ៉េខាងជើងចំពោះសហរដ្ឋអាមេរិក ហើយក្លាយជាកម្លាំងជំរុញទឹកចិត្តឱ្យកូរ៉េខាងជើងពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី៕