(បាងកក)៖ នៅថ្ងៃអង្គារ ទី១ ខែកក្កដា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានចេញមុខនិយាយថា លោកស្រីទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរលោកស្រីពី តំណែងជានាយករដ្ឋមន្រ្តី។ លោកស្រី Paetongtarn បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងបាងកក យ៉ាងដូច្នេះថា «សេចក្តីសម្រេចបានចេញមកហើយ ហើយខ្ញុំយល់ព្រម ទទួលយកការសម្រេចចិត្តរបស់តុលាការ ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា វាតែងតែជាចេតនារបស់ខ្ញុំជានិច្ច ក្នុងការធ្វើអ្វីៗដែលប្រសើរបំផុតដើម្បីប្រទេសខ្ញុំ»

តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះក្រោយលោកស្រី Paetongtarn ត្រូវបានព្យួរតំណែង តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត?

* តើនរណានឹងដឹកនាំរដ្ឋាភិបាលថៃក្នុងពេលនេះ?
ក្រោយនាយករដ្ឋមន្ត្រីត្រូវបានព្យួរតំណែង លោក Suriya Juangroongruangkit ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីដឹកជញ្ជូន (មកពីគណបក្សភឿថៃ) នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី។ លោក Suriya មានអាយុ៧០ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ដោយលោកបានប្រឡូកចូលនយោបាយក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងធ្លាប់កាន់តំណែងជាច្រើនក្នុងជួរគណៈរដ្ឋមន្ត្រី។ តុលាការធម្មនុញ្ញថៃបានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកបំពេញភារកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រី រហូតទាល់តែតុលាការចេញសាលក្រមសម្រេចចុងក្រោយ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការបាននិយាយថានាយករដ្ឋមន្ត្រីមានពេល ១៥ថៃ្ង ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ធ្វើឡើងដោយក្រុមអ្នកដាក់ញត្តិ ហើយបន្ទាប់ពីនោះតុលាការនឹងចាប់ផ្ដើមបន្តនីតិវិធីរបស់ខ្លួន។

* តើលោកស្រី Paetongtarn អាចធ្វើអ្វីខ្លះអំឡុងត្រូវព្យួរតំណែង?
ជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា មុនតុលាការធម្មនុញ្ញចេញសេចក្ដីថ្លែងការណ៍ លោកស្រី Paetongtarn ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌។ នៅក្រោយស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីវប្បធម៌នៅថ្ងៃទី៣ ខែកក្កដា លោកស្រីអាចចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងនាមជារដ្ឋមន្ត្រីម្នាក់ បើទោះជាលោកស្រីត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។

* ចុះរដ្ឋសភាវិញ?
រដ្ឋសភាថៃនឹងត្រូវកោះប្រជុំនៅថ្ងៃទី៣ ខែកក្កដា។ គណបក្ស Bhumjaithai ជាអតីតបក្សជាដៃគូក្នុងក្រុមចម្រុះរបស់លោកស្រី Paetongtarn បានគំរាមថានឹងដាក់សំណើឱ្យរៀបចំការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងនឹងលោកស្រី រួមទាំងគណៈរដ្ឋមន្ត្រីរបស់លោកស្រីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែ នីតិវិធីបែបនេះមិនអាចធ្វើទៅកើតទេ ក្នុងពេលដែលនាយករដ្ឋមន្ត្រីត្រូវបានព្យួរតំណែងរួចទៅហើយនោះ។ ម្យ៉ាងវិញទៀត ដើម្បីឱ្យសំណើដកសេចក្ដីទុកចិត្តទទួលបានជោគជ័យ Bhumjaithai ត្រូវការការគាំទ្រពីគណបក្សប្រជាជន (People's Party) ជាគណបក្សប្រឆាំងធំបំផុតក្នុងប្រទេសថៃដែលមិនទាន់ប្រកាសពីគោលជំហររបស់ខ្លួន នៅឡើយទេ។

* តើមានសំណុំរឿងផ្សេងទៀតកំពុងដំណើរការ ឬ?
គណៈកម្មការជាតិប្រឆាំងអំពើពុលរលួយ (NACC) ក៏កំពុងបើកការស៊ើបអង្កេតលើលោកស្រី Paetongtarn ផងដែរ ជុំវិញការចោទប្រកាន់ថាលោកស្រីបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការបែកធ្លាយ កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្ដេចតេជោ ហ៊ុន សែន។ ការស៊ើបអង្កេតនេះធ្វើឡើងតាមញត្តិមួយដាក់ជូនគណៈកម្មការមួយនេះដោយសមាជិកព្រឹទ្ធសភា ៣៦រូប ដែលបានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ ដែរនោះ។ វាមិនទាន់ច្បាស់ថាតើនៅពេលណា ទើប NACC នឹងបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននោះទេ។ ប៉ុន្តែនីតិវិធីនេះអាចនឹងឈានទៅដល់ករណីមួយផ្សេងទៀតទៅដល់ដៃតុលាការកំពូលថៃ ដែលអាចសម្រេច ហាមឃាត់លោកស្រី Paetongtarn មិនឱ្យធ្វើនយោបាយ។

* ចុះពាក់ព័ន្ធនឹងបាតុកម្មតវ៉ា?
ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងរាជធានីបាងកក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅក្នុងបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំមួយ ចាប់តាំងពីគណបក្សភឿថៃដឹកនាំប្រទេសក្នុងឆ្នាំ២០២៣មក។ ក្រុមអ្នករៀបចំបាតុកម្ម ដែលបានអំពាវនាវឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង បានគំរាមថាពួកគេនឹងធ្វើបាតុកម្មរឹតតែធំ ប្រសិនបើលោកស្រីមិនព្រមចុះចេញពីតំណែងទេ។ បាតុករមួយចំនួនដែល បានដឹកនាំការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ គឺជាបាតុករជើងចាស់ដែលធ្លាប់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលដឹកនាំដោយលោក Thaksin Shinawatra និងលោកស្រី Yingluck Shinawatra ដែលត្រូវជាឪពុក និងម្ដាយមីងរបស់លោកស្រី Paetongtarn។

* តើលោក Thaksin កំពុងស្ថិតក្រោមសម្ពាធឬ?
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលនៅតែជាមនុស្សម្នាក់មានឥទ្ធិពលលើគណបក្សភឿថៃ កំពុងប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ធទាក់ទិននឹងការចោទប្រកាន់ថារូបលោកបានប្រមាថ ព្រះមហាក្សត្រថៃក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំ២០១៥។ ថៃគឺជាប្រទេសមួយដែលអនុវត្តដាក់ទោសធ្ងន់ធ្ងរលើបទប្រមាថព្រះមហាក្សត្រ ដោយជនល្មើសអាចប្រឈមជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។ តុលាការកំពូលថៃវិញ ក៏កំពុងក្ដាប់សំណុំរឿងរបស់លោក Thaksin ដែរ ជុំវិញការអូសបន្លាយពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ជំនួសឱ្យការជាប់ឃុំក្នុងពន្ធនាគារ បន្ទាប់ពីរូបលោកត្រឡប់ចូលស្រុកថៃវិញ កាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួនជាច្រើនឆ្នាំនៅឯបរទេស។ ការចេញសាលក្រមណាមួយប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងទាំងនេះ អាចនឹងបញ្ជូនលោក Thaksin ចូលពន្ធនាគារ៕