(វ៉ាស៊ីនតោន)៖ នៅសល់មួយសប្ដាហ៍ទៀត មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អនុវត្តការយកពន្ធគយកម្រិតខ្ពស់ឡើងវិញ ប្រទេសជាច្រើនក្នុងនោះរួមមានសហភាពអឺរ៉ុប និងជប៉ុន កំពុងបន្តកិច្ចចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយជាមួយទីក្រុងវ៉ាស៊ីនតោន។ ការយកពន្ធគយកម្រិតខ្ពស់ដែលលោក ត្រាំ បានផ្អាករយៈពេល៩០ថ្ងៃ នឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា។ ក្រុមអ្នកវិភាគរំពឹងថាបណ្ដាប្រទេសជាច្រើននឹងត្រូវប្រឈមមុខនឹងលទ្ធផលមួយក្នុងចំណោមលទ្ធផលទាំង៣នេះ រួមមាន៖ ពួកគេអាចឈានដល់កិច្ចព្រមព្រៀងគោល ទទួលបានការពន្យារពេលបន្ថែម និងទទួលរងការយកពន្ធគយកម្រិតខ្ពស់។

* កិច្ចព្រមព្រៀងគោល

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីថ្ងៃសុក្រ ២៧ ខែមិថុនាថា «វាអាចនឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសមួយក្រុម មុនការអនុវត្តការយកពន្ធគយកម្រិតខ្ពស់ចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា»។ តែឈ្មោះក្រុមប្រទេសទាំងនោះមិនត្រូវបានបង្ហើបឱ្យដឹងទេ បើទោះជាលោក Bessent សង្កត់ធ្ងន់ថាអាមេរិកបាននិងកំពុង ផ្តោតលើការចុះកិច្ចព្រមព្រៀងជាមួយប្រទេសជាដៃគូសំខាន់ៗចំនួន១៨។ លោកស្រី Wendy Cutler ជាអនុប្រធានវិទ្យាស្ថាន Asia Society Policy Institute (ASPI) បានប្រាប់ AFP ថា «វៀតណាម ឥណ្ឌា និងតៃវ៉ាន់ គឺជាបេក្ខជនមានសក្តានុពលដែលអាចនឹងទទួលបានកិច្ចព្រមព្រៀង»។ បើគ្មានកិច្ចព្រមព្រៀងទេ ការយកពន្ធគយជាមូលដ្ឋានទៅវិញទៅមករបស់វៀតណាមនឹងកើនពី១០ភាគរយ ដល់ ៤៦ភាគរយ របស់ឥណ្ឌាដល់ ២៦ភាគរយ និងរបស់តៃវ៉ាន់កើនដល់ ៣២ភាគរយ។ លោក Josh Lipsky ជាប្រធានសេដ្ឋកិច្ចអន្តរជាតិមកពីស្ថាប័ន Atlantic Council យល់ថាឥណ្ឌាទំនងជាមានភាគរយ ខ្ពស់ជាងគេដែលអាចឈានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក រីឯជប៉ុនក៏ដូចគ្នាដែរ។ តែស្ថានការណ៍ហាក់ប្រែប្រួលបន្តិចសម្រាប់ជប៉ុន ជាពិសេសបន្ទាប់ពីលោក ត្រាំ បានរិះគន់នូវអ្វីដែលលោកហៅថា ការស្ទាក់ស្ទើររបស់ជប៉ុនក្នុងការទទួលយកការនាំចេញអង្កររបស់សហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយល់ថាទំនងជានឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនោះទេ ដោយសារតែភាពស្មុគស្មាញក្នុងកិច្ចចរចាកំពុងធ្វើឡើង។

ចាប់តាំងពីខែមេសាមក សហរដ្ឋអាមេរិកបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសតែប៉ុណ្ណោះ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយលើការផ្អាកការដំឡើងពន្ធសងសឹកគ្នា ទៅវិញទៅមកជាបណ្ដោះអាសន្នជាមួយចិន។

* ការពន្យារពេលបន្ថែម

នៅក្នុងបទសម្ភាសន៍ជាមួយ CNBC រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានលើកឡើងដែរថាបណ្ដាប្រទេសដែលធ្វើកិច្ចចរចាដោយសុច្ឆន្ទៈអាចនឹងរក្សាការយកពន្ធគយត្រឹម ១០ភាគរយ ជាមូលដ្ឋាន។ ប៉ុន្តែ ការពន្យារពេលបន្ថែមចំពោះការអនុវត្តការយកពន្ធគយកម្រិតខ្ពស់ គឺអាស្រ័យលើលោក ដូណាល់ ត្រាំ។ «ដោយមានរដ្ឋាភិបាលថ្មី កូរ៉េខាងត្បូងមើលទៅ ស្ថិតនៅលើទីតាំងល្អដើម្បី ទទួលបានការពន្យារពេលបន្ថែម»។ នេះបើតាមលោកស្រី Cutler មកពី ASPI ខណៈលោក Lipsky រំពឹងថាប្រទេសជាច្រើនអាចនឹងទទួលបានការពន្យារពេលបន្ថែម ជុំវិញការយកពន្ធគយកម្រិតខ្ពស់ រហូតដល់ថ្ងៃទី១ ខែកញ្ញា ត្រូវនឹងទិវាពលកម្មអន្តរជាតិ។ លោក Bessent ធ្លាប់បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងបិទបញ្ចប់របៀបវារៈរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានមុន ទិវាពលកម្មអន្តរជាតិ ដែលនេះជាការឱ្យសញ្ញាថាកិច្ចព្រមព្រៀងបន្ថែមអាចនឹងសម្រេចបាន តែលើកលែងតែកិច្ចចរចាត្រូវអូសបន្លាយហួសខែកក្កដា។

* ពន្ធគយកម្រិតខ្ពស់ត្រូវបានអនុវត្ត

ដោយសំអាងលើសម្ដីលោក ត្រាំ លោក Bessent បានព្រមានថាបណ្ដាប្រទេសដែលសហរដ្ឋអាមេរិករកឃើញថាមិនព្រមសហការទេ នោះពួកគេនឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធគយកម្រិតខ្ពស់ ហើយការយកពន្ធគយមានចាប់ពី ១១ រហូតដល់៥០ភាគរយ។ លោកស្រី Cutler បានព្រមានថាការបដិសេធរបស់ជប៉ុនក្នុងការបើកចំហទីផ្សារអង្កររបស់ខ្លួន គួបផ្សំនឹងការជំទាស់របស់សហរដ្ឋអាមេរិក ទៅនឹងការបញ្ចុះការយកពន្ធគយលើរថយន្ដ អាចនឹងនាំទៅរកការអនុវត្តការយកពន្ធគយទៅវិញទៅមក ២៤ភាគរយឡើងវិញលើជប៉ុន។ លោក ត្រាំផ្ទាល់ កាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ក៏បាននិយាយដែរថា ទំនងជានឹងមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុនទេ ហើយជប៉ុនអាចនឹងត្រូវបង់ពន្ធគយ ៣០ ឬ៣៥ភាគរយ ឬក៏ច្រើនជាងនេះ អាស្រ័យលើអាមេរិកជាអ្នកកំណត់។

សម្រាប់លោក Lipsky វិញ លោកជឿថាសហភាពអឺរ៉ុបក៏កំពុងប្រឈមនឹងហានិភ័យត្រឡប់ទៅរកការអនុវត្តពន្ធគយ ២០ភាគរយដែលលោក ត្រាំ បានប្រកាសកាលពីខែមេសា ឬ៥០ភាគរយ ដែលលោក ត្រាំ ទើបតែគំរាមកាលពីពេលថ្មីៗនេះ។ ចំណុចតានតឹងខ្លាំងមួយ នោះគឺវិធីសាស្ត្ររបស់អឺរ៉ុបពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងឌីជីថល៕