(បរទេស)៖ សារព័ត៌មានធំៗចំនួនពីររបស់ចិន គឺ Global Times និង People's Daily នាពេលថ្មីៗនេះ បានលើកឡើងថា ការទម្លាក់កំហុសនៃ​​វិបត្តិជំងឺរាតត្បាតជាសកល COVID-19 មកលើប្រទេសចិន វាប្រហែលជានាំទុក្ខដល់សហរដ្ឋអាមេរិកខ្លួនឯងទៅវិញទេ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីវែបសាយព័ត៌មានអាមេរិក Breitbart News នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

សារព័ត៌មានចិនទាំងពីរខាងលើបានលើកឡើងដូច្នេះថា «បើតាមការយល់ឃើញរបស់អ្នកនយោបាយអាមេរិកមួយចំនួន សហរដ្ឋអាមេរិក​​ហ្នឹងហើយជាអ្នកគួរតែមានភាពទទួលខុសត្រូវនោះ គឺអាមេរិកគួរតែផ្តល់សំណងដល់សហគមន៍អន្តរជាតិ សម្រាប់វិនាសកម្មដែលបង្កឡើង​ដោយជំងឺផ្តាសាយអេស៉្បាញ (Spanish Flu) កាលពីចុងសម័យសង្រ្គាមលោកលើកទី១ ជំងឺអេដស៍ ព្រមទាំងវិបត្តិហិរញ្ញវត្ថុសកលកាលពី​ឆ្នាំ២០០៨ ហើយនិងសង្រ្គាមដែលខ្លួនបានចាប់ផ្តើមឡើងនៅប្រទេសមួយចំនួន»

គួរជម្រាបថា ចាប់តាំងតែពីទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតដោយសារការរាតត្បាតនៃជំងឺ COVID-19 សហរដ្ឋអាមេរិកបានទម្លាក់កំហុស​លើចិនជាដដែលៗថា មកពីចិនទើបជំងឺនេះឆ្លងរាលដាលពាសពេញពិភពលោកដូចបច្ចុប្បន្ន ខណៈរដ្ឋមួយចំនួនរបស់អាមេរិកបានសម្រេច​ប្តឹងរដ្ឋាភិបាលចិនព្រោះតែរឿងនេះថែមទៀតផង។ យ៉ាងណាមិញ ទីក្រុងប៉េកាំងធ្លាប់បានលើកឡើងថា ដ្បិតជំងឺនេះត្រូវបានរកឃើញដំបូង​នៅក្នុងទីក្រុងរបស់ចិនក៏ដោយ តែចិនក៏ជាជនរងគ្រោះម្នាក់ដូចបណ្តាប្រទេសដទៃៗទៀតដែរ ហើយអ្វីដែលសំខាន់នាពេលនេះ គឺការរួម​សហការគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 មិនមែនជាពេលត្រូវទម្លាក់កំហុសដាក់គ្នាឡើយ៕