(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក បានតាក់តែងសេចក្តីព្រាងច្បាប់មួយ ដែលអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក ដាក់ទណ្ឌកម្មទៅលើប្រទេសចិន ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំងមិនព្រមសហការ ឬមិនអាចផ្តល់ការបកស្រាយច្បាស់លាស់ អំពីដំណើរដើមទងមុន ពេលឈានទៅដល់ការលេចឡើងដំបូងនៃជំងឺ COVID-19 នៅក្នុងទីក្រុងវូហាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកខាងលើ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងករណីដែលមិនមានការសហការ ឬបកស្រាយឲ្យបានច្បាស់ពីភាគីចិន លោក ដូណាល់ ត្រាំ នឹងមានសិទ្ធិដាក់ទណ្ឌកម្ម តាមរបៀបជាច្រើនទៅលើប្រទេសចិន រួមមានដូចជាការបង្កកទ្រព្យសម្បត្តិ ការដាក់បំរាមធ្វើដំណើរ ការដកទិដ្ឋាការ ការរឹតត្បិតមិនឲ្យធនាគារអាមេរិកផ្តល់ឥណទាន និងធានារ៉ាប់រងដល់ក្រុមហ៊ុនចិន និងការហាមក្រុមហ៊ុនចិន មិនបានចុះបញ្ជីក្នុងផ្សារហ៊ុនអាមេរិកជាដើម»។
គួរជម្រាបថា កន្លងមកនេះមន្រ្តីមួយចំនួន នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ រួមមានទាំងលោកប្រធានាធិបតីអាមេរិកផ្ទាល់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយខ្លះរបស់សហរដ្ឋអាមេរិក បានទម្លាក់កំហុសលើចិនថា មកពីចិនគ្រប់គ្រងមិនបានល្អ ទើបបណ្តាលឲ្យជំងឺ COVID-19 រាតត្បាតចេញមកខាងក្រៅពាសពេញពិភពលោក ហើយក៏បានចោទទីក្រុងប៉េកាំងថា លួចបិទបាំងទិន្នន័យ និងជាអ្នកបង្កើត COVID-19 ឡើងដោយចេតនាថែមទៀតផង។
សម្រាប់ចិនវិញបានចេញមុខជាដដែលៗ ថ្កោលទោសចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានទាំងនេះរបស់អាមេរិក ហើយទទូចឲ្យអ្នកនយោបាយ អាមេរិកកុំឆ្លៀតឱកាសយកវិបត្តិជំងឺឆ្លងដ៏កាចសាហាវនេះ ធ្វើជាល្បែងនយោបាយរបស់ខ្លួន ដោយផ្ទុយទៅវិញគួរតែងាកមកសហការគ្នាឲ្យបានល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈវាបានផ្តាច់ជីវិតមនុស្សជាង ២៩ម៉ឺននាក់នៅលើពិភពលោក ក្នុងចំណោមអ្នកដែលបានឆ្លងខ្ទង់ ៤.៣៤លាននាក់ ហើយអាមេរិកខ្លួនឯង គឺជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត៕