(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៦ករណីបន្ថែមទៀតទៅក្នុងបញ្ជី ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កើនដល់ ១០,៩៦២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ២២នាក់ ជាករណីឆ្លងនៅក្នុងស្រុក និង ០៤នាក់ទៀតជាករណីនាំចូលពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកូរ៉េខាងត្បូងក៏បានកត់ត្រាអ្នកស្លាប់ ចំនួនម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបបានកើនដល់ ២៥៩នាក់ ឬស្មើរនឹង ២.៣៦% នៃចំនួនអ្នកជំងឺសរុបទាំងអស់។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៩,៦៩៥នាក់ហើយ ឬស្មើនឹង ៨៨.៤% នៃអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២៥នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ កាលពីម្សិលមិញនេះ។
គួរបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី ៤ ជាប់ៗគ្នាមកហើយ ដែលអត្រាអ្នកឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ បានហក់ឡើងលើសខ្ទង់ ២០ករណីមកវិញ បន្ទាប់ពីបានស្គាល់អត្រាអ្នកឆ្លងប្រចាំថ្ងៃក្នុងរង្វង់ ១០ករណី ជិតមួយខែកន្លងមកនេះ។ បញ្ហានេះ វាបានកើតឡើងដោយសារតែ មានការឆ្លងរីលរាលដាលជាចង្កោមថ្មីមួយ នៅសង្កាត់ អ៉ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល តាមរយៈបុរសម្នាក់ដែលមានផ្ទុកជំងឺនេះ ហើយបានទៅលេងក្លឹបកម្សាន្តជាច្រើនកន្លែងក្នុងសង្កាត់នោះ។
គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦៩៥,០០០នាក់ហើយ ក្នុងចំណោមនោះ ៦៦៥,៣៧៩ នាក់មានលទ្ធផលអវិជ្ជមាន ខណៈ ១០,៥៧៩នាក់កំពុងស្ថិតក្នុងការតាមដាន៕