(វែលលីងតុន)៖ នូវែលសេឡង់មិនបានរាយការណ៍ពីករណីថ្មីនៃឆ្លង COVID-19 ពីរថ្ងៃជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃពុធនេះ ដោយចំនួនករណីឆ្លងសរុបនៅតែ ១,៤៩៧ករណីដដែល ខណៈប្រទេសមួយនេះគ្រោងនឹងបន្ធូរបន្ថយវិធានការបិទប្រទេសបន្ថែមទៀត ចាប់ពីពាក់កណ្ដាលយប់នេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកសុខាភិបាលនូវែលសេឡង់ លោក អាស្លេយ ប្លូមហ្វៀល (Ashley Bloomfield) បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក៏ស្ថិត ២១នាក់ដដែលផងដែរ និងអ្នកសះស្បើយវិញកើនដល់ ១,០៤២នាក់។ បើតាមការសម្រេចចិត្តមួយកាលពីថ្ងៃចន្ទកន្លងទៅ នូវែលសេឡង់នឹងបន្ថយកម្រិតអាសន្ន COVID-19 មកនៅត្រឹមលេខ ២ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបើកពាណិជ្ជកម្មមួយចំនួនឡើងវិញ ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។
គួរជម្រាបថា ការប្រកាសភាពអាសន្ននៅទូទាំងប្រទេសនូវែលសេឡង់ ត្រូវបានលុបចោលសន្សឹមៗ ហើយបច្ចុប្បន្នរយៈពេលអន្តរកាលថ្នាក់ជាតិ ត្រូវបានបង្កើតឡើង ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួន បន្ថយកម្រិតអាសន្នមកនៅត្រឹមលេខ២៕