(ម៉ិចស៊ីកូស៊ីធី)៖ មន្ត្រីជាន់ខ្ពស់ម៉ិចស៊ីកូ បានជួបពិភាក្សាការងារ ជាមួយមន្ត្រីជាន់មកពីសហរដ្ឋអាមេរិក និងកាណាដា ដើម្បីដោះស្រាយបញ្ហារួម កំឡុងការឆ្លងរាតត្បាត COVID-19 ។ នេះបើតាមក្រសួងការបរទេសម៉ិចស៊ីកូ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសម៉ិចស៊ីកូបានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចសន្ទនាបានអនុញ្ញាតឱ្យប្រទេសទាំង ៣ កំណត់បញ្ហារួម និងការធ្វើសកម្មភាពដ៏ប្រសើរ ក្នុងការដោះស្រាយវិបត្តិ COVID-19»។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា ជំនួបត្រីភាគខាងលើ ធ្វើឡើងដោយមានការចូលរួម ពីអនុរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក ជូលៀន វែនធួរ៉ា (Julian Ventura) រួមជាមួយសមភាគីអាមេរិក លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) និងសមភាគីកាណាដា លោកស្រី ម៉ាថា ម័រហ្គែន (Marta Morgan)។ កិច្ចប្រជុំនេះក៏ផ្តោតជាសំខាន់ផងដែរលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើមាតុភូមិនិវត្តន៍, ត្រួតពិនិត្យបណ្ដាញសម្រាប់ផ្គត់ផ្គង់ បរិក្ខាវេជ្ជសាស្ត្រចាំបាច់នានា ខណៈម៉ិចស៊ីកូសន្យាថា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់។
គួរបញ្ជាក់ថា ម៉ិចស៊ីកូបានប្រកាសពីភាពអាសន្នសុខាភិបាល កាលពីចុងខែមីនា ជាការឆ្លើយតបនឹង COVID-19 ហើយប្រទេសមួយនេះបានកត់ត្រាអ្នកឆ្លង ៣៨,៣២៤នាក់ ក្នុងនោះស្លាប់ ៣,៩២៦នាក់ និងជាសះស្បើយឡើងវិញ ២៥,៩៣៥នាក់៕