(វ៉ាស៊ីនតោន)៖ មន្ត្រីប៉ូលិសនៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានបង្ហើបដោយចៃដន្យនូវឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់សង្ស័យថា បានជួយភេរវករអាល់កៃដាពីរនាក់ ក្នុងការចូលរួមក្នុងសកម្មភាពវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន The Sun នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីអារ៉ាប៊ីសាអូឌីតខាងលើ មានឈ្មោះថា មូស្សាអេដ អាហ៍ម៉េដ អាល់ហ្សារ៉ាហ៍ (Mussaed Ahmed al-Jarrah) ត្រូវបានមន្ត្រីជាន់ខ្ពស់ FBI ម្នាក់ បញ្ចេញឈ្មោះដោយចៃដន្យ នៅក្នុងឯកសារមួយ ដាក់ជូនតុលាការអាមេរិកកាលពីខែមេសា កន្លងទៅ ឆ្លើយតបទៅនឹងពាក្យបណ្ដឹង របស់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ នៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដែលបានអះអាងថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏មហាប្រល័យនេះ។
លោក al-Jarrah ធ្លាប់បម្រើការងារជាមន្ត្រីម្នាក់ ប្រចាំស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កំឡុងការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានផ្ដាច់ជីវិតមនុស្ស ២,៧៥៣នាក់។ ម្យ៉ាងវិញទៀត មុននឹងត្រូវបានបញ្ជាក់អត្តសញ្ញាណជាលើកដំបូងដោយ FBI លោក al-Jarrah ក៏ត្រូវបានសហរដ្ឋអាមេរិកសង្ស័យផងដែរថា «ជាបុរសទី៣» ដែលបានជួយភេវករអាល់កៃដា ដោយផ្ទាល់ក្នុងការអនុវត្តផែនការ វាយប្រហារអគារភ្លោះពាណិជ្ជកម្មពិភពលោក World Trade Centre ក្នុងទីក្រុង ញូយ៉ក។
គួរជម្រាបថា ទីក្រុងរីយ៉ាដបានបដិសេធជាច្រើនលើកថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញាឡើយ ហើយមកទល់នឹងពេលនេះ លោក al-Jarrah ក៏មិនត្រូវបានគេដឹងថា ស្លាប់ ឬក៏កំពុងរស់នៅទីណាដែរ ប៉ុន្តែសហរដ្ឋអាមេរិកជឿជាក់ថា លោកកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕