(រ៉ូម)៖ សមាជិកសភាអ៊ីតាលីម្នាក់ បានថ្កោលទោស លោក ប៊ីល ហ្គេតស៍ (Bill Gates) ថាជា «ឧក្រិដ្ឋជនវ៉ាក់សាំង» ហើយបានជំរុញឲ្យនាយករដ្ឋមន្ត្រី អ៊ីតាលី ចាប់ខ្លួនមហាសេដ្ឋីរូបនេះ ប្រគល់ទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។
ក្នុងសុន្ទរកថារយៈពេល ០៧នាទី ដោយមានអមជាមួយនឹងសម្លេងទះដៃសាទរយ៉ាងកងរំពង លោកស្រី Sara Cunial ដែលជាសមាជិកសភានៃទីក្រុងរ៉ូម បានអំពាវនាវដល់សមាជិកសភាអ៊ីតាលីទាំងអស់ ឲ្យប្រឆាំងនឹងផែនការ នៃការចាក់វ៉ាក់សាំងជាកាតព្វកិច្ចប្រឆាំងនឹង COVID-19។ ព្រោះផែនការបែបនេះ គឺត្រូវបានជម្រុញដោយឥស្សរជនពុករលួយមួយក្រុម ដែលលោកស្រីផ្ទាល់បានបញ្ជាក់ចំៗថាលោក ប៊ីល ហ្គេតស៍ គឺជាជនល្មើសដ៏សំខាន់ម្នាក់ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងនោះ។
សមាជិកសភារូបនេះបានលើកឡើងថា៖ «អស់រយៈពេលជាច្រើនទសវត្ស លោក ហ្គេតស៍ បានធ្វើការលើគោលនយោបាយកាត់បន្ថយចំនួន ប្រជាជន និងផែនការគ្រប់គ្រងបែបផ្តាច់ការលើនយោបាយសកល ដោយមានគោលដៅនាំមុខគេ ខាងវិស័យកសិកម្ម បច្ចេកវិទ្យា និងថាមពល»។ លោកស្រី Sara Cunial ជាមនុស្សម្នាក់មិនជឿជាក់លើវ៉ាក់សាំងផងនោះ បានបន្ថែមដោយស្រង់សម្ដីដែលលោកស្រីអះអាងថាជាសម្ដីរបស់លោក ហ្គេតស៍ យ៉ាងដូច្នេះថា៖ «បើសិនជា យើងប្រឹងប្រែងធ្វើការឱ្យបានល្អលើវ៉ាក់សាំង, សុខាភិបាល និងការបង្កកំណើត នោះយើងអាចនឹងកាត់បន្ថយប្រជាជនពិភពលោកពី១០ ទៅ១៥ ភាគរយ...ហើយជាមួយវ៉ាក់សាំងរបស់លោក លោក ហ្គេតស៍ បានធ្វើឱ្យស្ត្រីរាប់លាននាក់នៅអាហ្វ្រិក មិនអាចមានកូន និងធ្វើឱ្យកុមារ ៥០០,០០០នាក់ នៅក្នុងប្រទេសឥណ្ឌា កា្លយជាជនពិការ»។
តែទោះជាបែបនេះក្ដី លោកស្រី Sara Cunial មិនបានបញ្ជាក់លម្អិតថាតើលោក ប៊ីល ហ្គេតស៍ និយាយពាក្យសម្ដីទាំងនេះនៅពេលណា ឬនៅទីកន្លែងណា នោះទេ ដោយគ្រាន់តែ លោស្រី បានអំពាវនាវដល់នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte ចាប់បញ្ជូន លោក ប៊ីល ហ្គេតស៍ ទៅកាត់ទោសនៅ តុលាយុត្តិធម៌អន្តរជាតិ៕