(ប៉េកាំង)៖ នាពេលនេះចិនកំពុងដាក់គោលដៅ ចេញបេសកកម្មទៅកាន់ភពអង្គារ (Mars) នៅខែកក្កដា ឆ្នាំ២០២០ ដោយបេសកកម្មនេះនឹងរួមមានទាំងផ្ការណប និងយានរ៉ូបូតទៅជាមួយគ្នា សម្រាប់ចល័តនៅលើផ្ទៃភពក្រហមនោះតែម្តង ដែលបេសកកម្មទាំងមូលនេះមានឈ្មោះថា ធានវិន-១ (Tianwen-1)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន France 24 នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។
បេសកកម្មទៅកាន់ភពអង្គារ ស្ថិតក្នុងចំណោមគម្រោងបេសកកម្មថ្មីៗជាច្រើន ដែលប្រទេសចិនកំពុងរៀបចំសម្រេចឲ្យបានរួមមានដូចជា ការបញ្ជូនក្រុមអវកាសយានិកចិន ឲ្យទៅជាន់ដីព្រះច័ន្ទជាលើកដំបូង និងការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ឲ្យបាននៅក្នុងឆ្នាំ២០២២។ បេសកកម្មភពអង្គារ (Mars) ថ្មីនេះ បានស្ថិតក្រោមការត្រៀមរបស់ចិនមួយរយៈមកហើយក្នុងឆ្នាំនេះ តែក្រុមហ៊ុនអវកាសចិន CASC ដែលជាអ្នកទទួល ធ្វើការងារចម្បងសម្រាប់កម្មវិធីអវកាសរបស់ប្រទេសចិន ទើបតែបានប្រកាសឲ្យដឹងថា ការចេញបេសកកម្មទៅកាន់ភពអង្គារ អាចនឹងធ្វើឡើងឆាប់បំផុតនៅខែកក្កដាខាងមុខ។
ការធ្វើដំណើរទៅកាន់ភពអង្គារគឺត្រូវចំណាយពេលជាច្រើនខែ ដោយចម្ងាយជិតបំផុតរវាងផែនដី និងភពអង្គារគឺខ្ទង់ ៥៥លានគីឡូម៉ែត្រ ហើយចម្ងាយនេះប្រែប្រួលទៅតាមការធ្វើគន្លងគោចរនៃភពទាំងពីរ។ គម្លាតពីភពយើងទៅ Mars អាចឆ្ងាយបំផុតរហូតដល់ ៤០១លានគីឡូម៉ែត្រឯណោះ។
គួរជម្រាបថា ក្រៅពីចិន ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ក៏កំពុងគ្រោងបញ្ជូនយានស្រាវជ្រាវអារ៉ាប់ដំបូង ឆ្ពោះទៅកាន់ Mars នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ផងដែរ ចេញពីប្រទេសជប៉ុន។ សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចនាំមុខគេខាងវិស័យអវកាសវិញ ធ្លាប់បានបញ្ជូនយានរ៉ូបូតចំនួន ០៤គ្រឿងមកហើយ ទៅកាន់ភពអង្គារ ហើយកំពុងគ្រោងបញ្ជូនមួយគ្រឿងថ្មីថែមទៀតក្នុងឆ្នាំនេះ៕