(ឡុងដ៍)៖ ក្រុមហ៊ុនឯកទេសជីវ-បច្ចេកវិទ្យារបស់អាមេរិក ណូវ៉ាវ៉ាក់ (Novavax) បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ក្រុមហ៊ុនទើបតែបានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សតែម្តង បន្ទាប់ពីទទួលបានថវិកាជំនួយយ៉ាងច្រើនសម្បើម​ពីកំពូលមហាសេដ្ឋីអាមេរិក លោក បៀល ហ្គេតស៍ (Bill Gates)។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Novavax ក្នុងការធ្វើតេស្តដំណាក់កាលទីមួយ អ្នកស្ម័គ្រដែលមានសុខភាពល្អចំនួន ១៣០នាក់ នៅឯទីតាំងពីរកន្លែងក្នុងប្រទេសអូស្រ្តាលី នឹងទទួលការចាក់វ៉ាក់សាំងមានឈ្មោះសម្គាល់ថា NVX-CoV2373 ចំនួនពីរម្ជុលក្នុងម្នាក់ៗ។ ប្រសិនបើលទ្ធផលនៃការធ្វើដំណើរដំបូងនេះផ្តល់ក្តីសង្ឃឹម នោះក្រុមហ៊ុនគ្រោងនឹងបន្តធ្វើតេស្តដំណាក់កាលទីពីរ ដែលនឹងពង្រីកទៅដល់ប្រទេសផ្សេងៗទៀត ហើយអ្នកចូលរួមនឹងមានវ័យចម្រុះ មិនមែនត្រឹមតែវ័យកណ្តាល ដូចការធ្វើតេស្តដំណាក់កាលដំបូងឡើយ។

ក្រុមហ៊ុន Novavax ក៏បានរំពឹងថា នឹងទទួលបានលទ្ធផលធ្វើតេស្តដំណាក់កាលទីមួយ នៅខ្ទង់ខែកក្កដា ខាងមុខ។ កញ្ចប់ថវិការបស់ក្រុមហ៊ុននេះបានកើនជាង ១,០០០ភាគរយ គឺរហូតដល់ ២.៧ពាន់លានដុល្លារ គិតចាប់តាំងតែពីដើមឆ្នាំនេះ ដោយសារការបរិច្ចាគដ៏ធំបំផុតគឺ ៣៨៨លានដុល្លារ បានមកពីទីភ្នាក់ងារហៅកាត់ថា CEPI ដែលបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនបច្ចេកយក្ស Microsoft របស់អាមេរិកគឺលោក Bill Gates។

គួរជម្រាបថា ក្រុមហ៊ុន Novavax មិនមែនជាក្រុមហ៊ុនជីវ-បច្ចេកវិទ្យាដំបូងគេរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សឡើយ។ បើតាមអង្គការសុខភាពពិភពលោក (WHO) ក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនប្រហែល ១០ ដែលបានចាប់ផ្តើមការធ្វើតេស្តបែបនេះ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ទើបតែបានរាយការណ៍អំពីលទ្ធផលដំបូង​នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស ដោយទទួលបានលទ្ធផលវិជ្ជមានតំណាក់កាលបឋម៕