(ប៉េកាំង)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាជាតិប្រជាជនចិន នឹងធ្វើការត្រួតពិនិត្យលើសេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង កំឡុងសម័យប្រជុំ មួយដែលបានចាប់ផ្ដើមក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាជាតិ ប្រជាជនចិននៅថ្ងៃព្រហស្បតិ៍នេះ ហើយគណៈកម្មាធិការនេះ នឹងត្រូវជួបប្រជុំរហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងទៀតថាសេចក្ដីព្រាងច្បាប់សន្តិសុខជាតិថ្មីនេះទៀតសោត មានបញ្ជាក់លម្អិតពីការ ដាក់ទោសទណ្ឌ និងការកំណត់និយមនៃបទឧក្រិដ្ឋចំនួន៤ ក្នុងនោះរួមមាន សកម្មភាពផ្ដាច់ខ្លួន, សកម្មភាពភេរវកម្ម, ទង្វើក្បត់រួមដៃជាមួយបរទេស និងសកម្មភាព វិទ្ធង្សនា។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យចិន បញ្ឈប់ជាបន្ទាន់ផែនការអនុម័ត ឬដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដែលពួកគេមើលឃើញថានឹងបំផ្លាញដល់សេរីភាព និងប្រជាធិបតេយ្យរបស់ប្រជាជននៃអតីតដែនដីអាណានិគម អង់គ្លេសមួយនេះ។ ប៉ុន្តែ ទាំងទីក្រុងប៉េកាំង និងទីក្រុងហុងកុង បានច្រានចោលការព្រួយបារម្ភបែបនេះ ដោយអះអាងថាច្បាប់នេះនឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ គឺមានតែជួយពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុងហុងកុង៕