(ព្រុចសែល)៖ សហភាពអឺរ៉ុប និងប្រទេសចិន នឹងអាចមានឱកាសក្នុងការបន្ធូរបន្ថយ កម្តៅនៃទំនាក់ទំនងរវាងគ្នា នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិន នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល (Charles Michel) នឹងជួបប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ខេជាំង តាមរយៈវីដេអូខុនហ្វ្រិន។
ជុំវិញកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលៗនៃសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំកំពូលៗរបស់ចិនខាងលើនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់អឺរ៉ុប គូសបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការងារជាមួយចិន។ ប៉ុន្តែយើងក៏ចង់ឲ្យចិន ធានាចំពោះទំនួលខុសត្រូវនានារបស់ខ្លួន ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតមួយ នៅលើពិភពលោកនេះផងដែរ»។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើង នៅវេលាម៉ោង ៨៖០០នាទីព្រឹក ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាទីស្នាក់ការកណ្តាលនៃសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានធ្វើការចោទប្រកាន់ប្រទេសចិនថា បានលាក់បាំងព័ត៌មានពិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អំពីការគ្រប់គ្រងវីរុសកូរ៉ូណានៅតំបន់អឺរ៉ុប ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោល រាល់ការចោទប្រកាន់ទាំងអស់។ កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា នឹងមិនអាចចេញសេចក្តីថ្លែងការណ៍រួមណាមួយនោះឡើយ។
បច្ចុប្បន្នប្លុកអឺរ៉ុបត្រូវបានគេមើលឃើញថា កំពុងតែស្ថិតនៅចន្លោះកណ្តាល នៃការប្រទាញប្រទុងរវាងមហាអំណាចយក្សពីរនោះគឺ សហរដ្ឋអាមេរិក និងប្រទេសចិន ដែលសុទ្ធសឹងតែជាដៃគូពាណិជ្ជកម្មធំៗបំផុតរបស់អឺរ៉ុប។ ហេតុដូច្នេះជំហររបស់អឺរ៉ុប នាពេលបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ពិតជាពិបាកក្នុងការបត់បែនបំផុត៕