(ឡូសអាន់ជែឡែស)៖ យោងតាមទិន្នន័យពីមន្ទីរសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ា (California)បានឲ្យដឹងថា ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ រដ្ឋមួយនេះបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនរហូតទៅដល់ ៤,៣១៧ករណី ដែលជាតួលេខខ្ពស់បំផុតពុំធ្លាប់មានឡើយ បើរាប់ចាប់តាំងពីមានករណីផ្ទុះ ដំបូងនៃជំងឺរាតត្បាតសកលមួយនេះ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
ប្រការនេះ វាធ្វើឲ្យរដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិកមួយនេះ មានករណីឆ្លងជំងឺ COVID-19 សរុប ១៧៣,៣២៤ករណីហើយ គិតត្រឹមថ្ងៃអាទិត្យ ទី២១ ខែមិថុនា (ពេលវេលានៅកាលីហ្វ័រញ៉ា)។
នៅចំពោះមុខនៃការកើនឡើងករណីឆ្លងថ្មីៗជារៀងរាល់ថ្ងៃ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ហ្គាវីន ញូសុម (Gavin Newsom) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់បទបញ្ជាមួយ ដែលតម្រូវឲ្យប្រជាជនគ្រប់រូបត្រូវពាក់ម៉ាស់ នៅតាមទីសាធារណៈជាកំហិត បើពុំដូច្នោះទេនឹងទទួលការផាកពិន័យ។ ទោះជាយ៉ាងណា យ៉ាងហោចណាស់មាននាយកដ្ឋានតម្រួតចំនួនប្រាំកន្លែង នៅក្នុងរដ្ឋនេះបានប្រកាសថា ពួកគេនឹងមិនអនុវត្តបទបញ្ជានោះទេ ក្នុងករណីបទល្មើសមានលក្ខណៈតូចតាច ឬកង្វះធនធាន។
គួរជម្រាបថា រហូតមកទល់ពេលនេះនៅទូទាំងសហរដ្ឋអាមេរិកមានអ្នកជំងឺ COVID-19 ជាង ២.៣លាននាក់ហើយ ដោយក្នុងនោះអ្នកជំងឺចំនួនជាង ១២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត និងជាង ៩៨ម៉ឺននាក់ទៀតបានជាសះស្បើយឡើងវិញ៕