(ប៊ែរឡាំង)៖ តេឡេស្កូបអវកាស Spektr-RG ប្រើប្រាស់ពន្លឺ X-rays ដែលត្រូវបានបាញ់បង្ហោះកាលពីជិតមួយឆ្នាំមុន ពេលនេះបានបង្ហាញលទ្ធផលដ៏អស្ចារ្យជាបណ្តើរៗហើយ ទោះបីជាមិនទាន់ពេញលេញក្តី តែផែនទីចក្រវាឡដែលទើបត្រូវបានគូសវាសនេះ ពិតជាភាពអស្ចារ្យមួយថ្មីទៀតនៃការស្រាវជ្រាវចក្រវាឡដ៏ធំមហិមាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ BBC ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ និងរុស្ស៊ីដែលបានរួមគ្នាបង្កើត Spektr-RG និងបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីខែកក្កដា ឆ្នាំ២០១៩ ចាត់ទុកថា តេឡេស្កូបអវកាសនេះបាននិងកំពុងជ្រែកទីអវកាស ហើយគូសវាផែនទីឋានសួគ៌ចក្រវាឡនៃយើង ដោយប្រើប្រាស់ពន្លឺ X-rays ដ៏មានឥទ្ធិពលដែលបំពាក់លើខ្លួនវា។
រូបភាពផ្តិតបានដោយ Spektr-RG និងត្រូវបានសម្រួលដោយក្រុមអ្នកវិទ្យាសាស្ត្រលើផែនដី ពិតជាបង្ហាញនូវចក្រវាឡដ៏ល្វឹងល្វឺយ ពោពេញដោយពន្លឺខូស្មូសដ៏ពពាក់ពពូន ដែលជាតថភាពនៃកម្តៅ និងការផ្លាស់ប្តូរដ៏ពុះកញ្ជ្រោលឥតគណនា។ ប្រហោងខ្មៅកំពុងលេបត្របាក់អ្វីៗដែលនៅជិតវា, ផ្កាយផ្ទុះ និង ឧស្ម័នបញ្ចេញពណ៌ចំរុះក៏ក្តៅគគុក សុទ្ធតែប្រដឹសវត្តមានឲ្យយើងឃើញ នៅក្នុងរូបភាពដែលត្រូវបានផ្តិតយកដោយឧបករណ៍ eRosita នៅលើតេឡេស្កូប Spektr-RG។
ឧបករណ៍សំខាន់បំផុតនៅលើ Spektr-RG គឺ eRosita បានធ្វើការស្គែនផ្ទៃមេឃទៅកាន់ទីអវកាសជ្រៅៗ ហើយរូបភាពមួយសន្លឹកនេះ គឺត្រូវបានផលិតចេញរួចរាល់កាលពីសប្តាហ៍មុន។ រូបភាពមួយសន្លឹកនេះ គឺត្រូវបានបង្កើតឡើង តាមរយៈទិន្នន័យ X-rays រហូតដល់ទៅជាង ១លានទិន្នន័យឯណោះ។
ជុំវិញសមិទ្ធផលដ៏អស្ចារ្យខាងលើនេះ លោក ឃើផាល់ ណាន់ដ្រា (Kirpal Nandra)អ្នកវិទ្យាសាស្ត្រដឹកនាំក្រុមការងារសិក្សាផ្នែករូបវិទ្យាចក្រវាឡ នៅឯសាកលវិទ្យាល័យ Planck ទីក្រុង Garching ប្រទេសអាល្លឺម៉ង់បានលើកឡើងថា «វាពិតជាច្រើនខ្លាំងណាស់ ដែលស្មើនឹងចំនួនទិន្នន័យនៃការសិក្សាដោយពន្លឺ X-ray រយៈពេល ៦០ឆ្នាំចុងក្រោយនេះបូកបញ្ចូលគ្នាឯណោះ។ សម្រាប់ទិន្នន័យរាប់លាននេះ យើងប្រមូលបានតែក្នុងរយៈពេល ០៦ខែប៉ុណ្ណោះ។ ទិន្នន័យទាំងអស់ គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ហើយខ្ញុំគិតថាអ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺការបង្កើតបដិវត្តន៍នៃការស្រាវជ្រាវដោយពន្លឺ X-ray»។
គួរបញ្ជាក់ថា តេឡេស្កូប Spektr-RG បច្ចុប្បន្នកំពុងតែធ្វើគោចរនៅរយៈចម្ងាយ ១.៥លានគីឡូម៉េត្រពីភពផែនដី។ បន្ទាប់ពីការបាញ់បង្ហោះនៅខែកក្កដា ឆ្នាំ២០១៩ វាបានធ្វើដំណើរសន្សឹមៗ ទៅកាន់គន្លងគោចរនៅរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រ ហើយបន្ទាប់មកទៀតការភ្ជាប់ទំនាក់ទំនង និងដំណើរការឧបករណ៍សំខាន់ៗត្រូវបានធ្វើឡើងរួចរាល់កាលពីខែធ្នូ ឆ្នាំ២០១៩ តែម្តង៕