(ឡុងដ៍)៖ ការសិក្សាបឋមមួយ នៅក្នុងចក្រភពអង់គ្លេសបានរកឃើញថា COVID-19 បានបំផ្លាញដល់ប្រព័ន្ធខួរក្បាលរបស់អ្នកជំងឺ ក្នុងនោះរួមមានការដាច់សរសៃឈាមខួរក្បាល, រលាកខួរក្បាល, បញ្ហាផ្លូវចិត្ត និងវង្វេងស្មារតីជាដើម នៅក្នុងករណីធ្ងន់ធ្ងរមួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
ការសិក្សាថ្មីខាងលើ ដែលដឹកនាំដោយសហប្រធានក្រុមស្រាវជ្រាវ លោក បេណេឌីច ម៉ៃខឺល (Benedict Michael) មកពីសាកលវិទ្យាល័យលីវើភូល (Liverpool University) ត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដី ឡានសេត (Lancet Psychiatry) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីការអង្កេតលើអ្នកជំងឺ COVID-19 ចំនួន ១២៥នាក់ នៅទូទាំងចក្រភពអង់គ្លេស ពីថ្ងៃទី០២ ដល់ថ្ងៃទី២៦ ខែមេសា។
ការសិក្សាខាងលើនេះបានរកឃើញថា អ្នកជំងឺ ៧៧នាក់ក្នុងចំណោម ១២៥នាក់ មានបញ្ហាខួរក្បាល ហើយក្នុងចំណោមអ្នកជំងឺទាំង ៧៧នាក់នេះទៀតសោត ភាគច្រើនគឺជាមនុស្សមានអាយុច្រើនជាង ៦០ឆ្នាំ ដែលមានឈាមកកក្នុងខួរក្បាល ឬគេស្គាល់ថា ជំងឺដាច់សរសៃឈាមខួរក្បាល (ischaemic stroke)។
បន្ថែមពីលើនេះ សិក្សាដដែលក៏បានរកឃើញផងដែរថា អ្នកជំងឺ ៣៩នាក់ ក្នុងចំណោម ១២៥នាក់មានរោគសញ្ញាផ្លូវចិត្ត ដូចជារលាកខួរក្បាល និងវង្វេងស្មារតីជាដើម។ តែទោះជាយ៉ាងនេះក្ដី លោក Michael បានបញ្ជាក់ថា វានៅត្រូវការសិក្សាទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីកំណត់ឱ្យច្បាស់ពីមូលហេតុនៅពីក្រោយ បញ្ហាខួរក្បាលទំាងនេះ និងស្វែងរកវិធីសាស្ត្រព្យាបាល៕