(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ងាកមកផ្សះផ្សា និងចាប់ដៃគ្នាវិញ ដើម្បីយកឈ្នះទៅលើជំងឺរាតត្បាតសកល COVID-19 ប្រសើរជាងការចង្អុលមុខចោទដាក់គ្នា ទៅវិញទៅមកដូចពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ ប្រកបដោយប្រសិទ្ធភាពយើងត្រូវរួបរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក»។ លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ថា «ពិភពលោកអាចកម្ចាត់មេរោគនេះបាន ទាល់តែមានសាមគ្គីភាព មិនមែនជាការប្រឈមមុខដាក់គ្នានោះទេ»។
គួរជម្រាបថា បើយោងតាមគេហទំព័រ Worldmeter រហូតមកទល់ពេលនេះ រុស្ស៊ីមានករណីឆ្លងសរុបជាង ៦៣ម៉ឺននាក់ ដោយក្នុងនោះអ្នកជំងឺចំនួនជាង ៩ពាន់នាក់ស្លាប់បាត់បង់ជីវិត និងជិត ៤០ម៉ឺននាក់ជាសះស្បើយឡើងវិញ។ រុស្ស៊ីឈរលំដាប់ថ្នាក់លេខ ៣ នៃបណ្តាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតលើពិភពលោក ពោលស្ថិតក្រោយតែសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីលតែប៉ុណ្ណោះ៕