(ដាកា)៖ មនុស្សយ៉ាងហោច ២៣នាក់បានស្លាប់ បន្ទាប់សាឡង់ដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់លិចក្រោយបុកគ្នាជាមួយសាឡង់ផ្សេងទៀតនៅលើដងទន្លេ បួរីហ្គាងកា (Buriganga) ស្ថិតនៅក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ (ម៉ោងនៅទីក្រុងដាកា)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
លោកស្រី រ៉ូហ្ស៊ីណា អ៊ីស្លេម (Rozina Islam) ជាមន្ត្រីនៃទីស្នាក់ការពន្លត់អគ្គីភ័យ និងការពារជនស៊ីវិលបានឱ្យដឹងថា មកទល់នឹងពេលនេះប្រតិបត្តិការជួយសង្រ្គោះនៅតែបន្តធ្វើឡើងនៅឡើយ។ លោកស្រី Islam បានបន្ថែមថា សាឡង់ខាងលើមានឈ្មោះថា ម័រនីង ប៊ឺត (Morning Bird) បានក្រឡាប់លិច បន្ទាប់ពីបុកនឹងសាឡង់មួយផ្សេងទៀតឈ្មោះ ម៉ូយួ ២ (Moyur-2) នៅទន្លេ Buriganga នៃរដ្ឋធានីដាកា កាលពីវេលាម៉ោង ៩៖៣៣នាទីព្រឹកថ្ងៃចន្ទនេះ។
បើតាមសេចក្ដីរាយការណ៍បឋម មនុស្សច្រើនជាង ១០០នាក់បានជិះនៅលើសាឡង់ Morning Bird។ ហេតុការណ៍លិចសាឡង់ តែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសបង់ក្លាដែស ហើយមូលហេតុភាគច្រើននៃសោកនាដកម្មកន្លងមកទៅ គឺដោយសារការផ្ទុកអ្នកដំណើរលើសចំណុះ និងការខ្វះខាតបទដ្ឋានសុវត្ថិភាព៕