(ម៉ូស្គូ)៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបោះឆ្នោតប្រជាមតិលើវិសោតធនកម្មរដ្ឋធម្មនុញ្ញតរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយចាត់ទុកថា វាគឺជារឿងគួរឱ្យអស់សំណើច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
បើតាមក្រុមគណបក្សប្រឆាំង ការបោះឆ្នោតប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញខាងលើ ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុន ហើយនឹងត្រូវបញ្ចប់នៅ ថ្ងៃពុធ ទី០១ ខែកក្កដាខាងមុខនេះ គឺជាការត្រួសត្រាយផ្លូវឱ្យលោក ពូទីន បន្តកាន់អំណាចអស់មួយជីវិត។ ប៉ុន្តែ ទន្ទឹមគ្នានឹងការថ្កោលទោស ព្រមទាំងអំពាវនាវកុំឱ្យប្រជាជនរុស្ស៊ីចូលរួមក្នុងការបោះឆ្នោតប្រជាមតិ ឬបោះឆ្នោតប្រឆាំងជំទាស់ គណបក្សប្រឆាំងមិនបានធ្វើអ្វីផ្សេងជាដុំកំភួននោះឡើយ។
គួរបញ្ជាក់ថា លោក ពូទីន ដែលបច្ចុប្បន្នមានអាយុ៦៧ឆ្នាំ បានស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីខែមករាកន្លងទៅ ក្រោមការគាំទ្រពីសភា និងតុលាការកំពូល។ បើសិនជា ការធ្វើវិសោធនកម្មនេះ ទទួលបានជោគជ័យ វានឹងអនុញ្ញាតឱ្យលោក ពូទីន បន្តកាន់អំណាចពីរអាណត្តិបន្ថែមទៀត ដោយមួយអាណត្តិមានរយៈពេល៦ឆ្នាំ ឬអាចច្រើនជាងនេះ បន្ទាប់ពីអាណត្តិជាប្រធានាធិបតីរបស់លោកត្រូវអស់សុពលភាព នៅឆ្នាំ២០២៤៕