(ទ្រីប៉ូលី)៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសលីប៊ី ដោយសង្កត់ធ្ងន់ធ្ងរពីសារៈសំខាន់សន្តិសុខ និងស្ថេរភាពរបស់ប្រទេស ស្ថិតនៅក្នុងអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
លោក Le Drian ធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីលីប៊ីគាំទ្រដោយអង្គការសហប្រជាជាតិ (UN) លោក ហ្វាយែស ស៊ែរ៉ាច (Fayez Serraj) ដើម្បីពិភាក្សាគ្នា ពីស្ថានការណ៍បច្ចុប្បន្ននៅលីប៊ី។ ក្រៅតែពីការបង្ហាញការព្រួយបារម្ភ លោករដ្ឋមន្ត្រីការបរទេសបារាំងក៏បានបញ្ជាក់ថែមទៀតថា ប្រទេសរបស់លោកប្រឆាំងជំទាស់នឹងការជ្រៀកជ្រែកពីបរទេស ក្រោមគ្រប់រូបភាព និងគ្រប់ទម្រង់ទាំងអស់នៅក្នុងប្រទេសលីប៊ី។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Fayez Serraj កាលពីពេលថ្មីនេះ បានរកឃើញរណ្ដៅសាកសពរួមជាច្រើន និងមីនកប់ក្រោមដីនៅក្នុងទីក្រុង ថាហ៊ូណា (Tarhuna) ស្ថិតនៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី ហើយថា វាចាំបាច់ណាស់ដែលត្រូវតែនាំអ្នកប្រព្រឹត្តការសម្លាប់មនុស្សរង្គាលបែបនេះ មកកាត់ទោសតាមច្បាប់៕