(ការ៉ាកាស់)៖ រដ្ឋមន្ត្រីក្រសួងការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) បាននិយាយថា សហភាពអឺរ៉ុបបានយល់ព្រមបង្កើនទំនាក់ទំនងការទូតជាមួយប្រទេសវេណេស៊ុយអេឡា «ក្នុងកម្រិតខ្ពស់បំផុត» បន្ទាប់ពីប្រកាសបណ្តេញតំណាងពិសេសអឺរ៉ុប ចេញពីប្រទេសអាមេរិកឡាទីនមួយនេះកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីលោក Arreaza បានជួបសន្ទនាតាមទូរស័ព្ទជាមួយអ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសិប បូរែល (Josep Borrell)។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន តេឡេសួ (Telesur) ដែលមានមូលដ្ឋាននៅទីក្រុងការ៉ាកាស់លោក Arreaza បានគូសបញ្ជាក់ថា «កិច្ចសន្ទនាជាមួយលោក Borrell កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) ប្រកបដោយភាពស្មោះត្រង់ ប្រាកដប្រជា និងមានភាពរាក់ទាក់។ លើសពីនេះភាគីទាំងពីរក៏បានឯកភាពលើភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងទូតជាអចិន្រ្តៃយ៍ ជាពិសេសនៅពេលដែលកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ អាចជួយកាត់បន្ថយភាពតានតឹងលើបញ្ហានយោបាយ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាលវេណេស៊ុយអេឡាបានលុបចោលក្តីសម្រេចដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២០កន្លងទៅ ក្នុងការបណ្តេញប្រធានបេសកកម្មសហភាពអឺរ៉ុប លោកស្រី អ៉ីសាប៊ែល ប្រ៊ីលហាន ផេដ្រូសា (Isabel Brilhante Pedrosa) នោះវិញហើយ៕