(អាមេរិក)៖ ក្រុមនិស្សិតនៃសាកលវិទ្យាល័យមួយចំនួនក្នុងរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក បានរៀបចំពិធីជប់លៀង COVID-19 ដើម្បីជាការប្រកួតរកអ្នកឆ្លងវីរុសកូរ៉ូណានេះមុនគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ជុំវិញពិធីជប់លៀងដែលមិនសមគួរខាងលើនេះ ប្រធានរដ្ឋបាលទីក្រុងទូស្កាលូសា (Tuscaloosa) លោកស្រី សុនយ៉ា ម៉ាឃីនស៍ត្រាយ (Sonya McKinstry) បាននិយាយថា និស្សិតទាំងឡាយខាងលើនេះ បានធ្វើពិធីជប់លៀង ដោយមានចេតនាប្រកួតរកអ្នកឆ្លងវីរុសកូរ៉ូណា (COVID-19) មុនគេ។ ពិធីជប់លៀងទាំងនោះបានប្រព្រឹត្តទៅ តាមរយៈការអញ្ជើញភ្ញៀវដែលបានធ្វើតេស្តវិជ្ជមាន COVID-19 ឲ្យចូលរួម ហើយនិស្សិតនានាត្រូវដាក់លុយទៅក្នុងធុងមួយ រួចក្រោយពីចប់ពិធីជប់លៀង ការធ្វើតេស្តនឹងត្រូវធ្វើឡើង ដើម្បីរកមើលអ្នកដែលបានឆ្លងវីរុសកូរ៉ូណាមុនគេ នោះនឹងទទួលបានលុយទាំំងអស់នៅក្នុងធុង។
លោកស្រី McKinstry បានលើកឡើងដោយហួសចិត្តថា «វាគ្មានន័យអ្វីសោះ... ពួកគេមានចេតនាធ្វើបែបនេះ»។ តាមការពិត ពីដំបូងឡើងលោកស្រី McKinstry គិតថាវាជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែក្រោយការស៊ើបអង្កេត ដោយមន្ត្រីប៉ូលិសទីក្រុង Tuscaloosa ទើបពួកគេបានដឹងថា ពិធីជប់លៀងខាងលើនេះបានកើតឡើងពិតមែន។
យ៉ាងណាក៏ដោយ អាជ្ញាធររដ្ឋអាឡាបាម៉ាមិនបានបញ្ជាក់ថា តើនឹងមានវិធានការបែបណា ចំពោះនិស្សិតសាកលវិទ្យាល័យទាំងអស់នោះឡើយ ខណៈរដ្ឋភាគអាគ្នេយ៍របស់អាមេរិកមួយនេះ ក៏ត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះកើនឡើងវិញ នៃចំនួនអ្នកឆ្លង COVID-19 ផងដែរ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២,៨៣៣,៦៨៦ករណី ក្នុងនោះស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់៕