(ហាណូយ)៖ ប្រទេសវៀតណាម និងហ្វីលីពីនបានប្រកាសថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ចិន នៅក្បែរតំបន់ជម្លោះដែនទឹក នៃសមុទ្រចិនខាងត្បូងដោយព្រមានថា វានឹងបង្កឱ្យមានភាពតានតឹង និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសក្បែរខាងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ប្រទេសចិនបានប្រកាសកាលពីសប្ដាហ៍មុននេះ អំពីការធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី០១ ខែកក្កដា នៅក្បែរដែនទឹកជម្លោះនៃទីប្រជុំកោះ Paracel ដែលទីក្រុងប៉េកាំង និងទីក្រុងហាណូយ អះអាងរៀងៗខ្លួនពីដែនអធិបតេយ្យភាព។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ឌែលហ្វីន ឡរិនហ្សាណា (Delfin Lorenzana) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា សមយុទ្ធយោធារបស់ចិន នៅតំបន់ដែនទឹកជម្លោះក្បែរទីប្រជុំកោះ ផារ៉ាសែល (Paracel) គឺជាទង្វើបង្ករឿង ខណៈក្រសួងការបរទេសវៀតណាមចាត់ទុកថា វាជាទង្វើរំលោភបំពានលើដែនអធិបតេយ្យភាពវៀតណាម ដែលនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសជាសមាជិកអាស៊ាន។
ដោយឡែកក្រសួងការពារជាតិអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏បានបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរដោយចាត់ទុកថា នេះគឺជាសកម្មភាពដែលនឹងបង្កអស្ថេរភាពនៅក្នុងតំបន់ជម្លោះដែនទឹក។ សហរដ្ឋអាមេរិកបានចោទចិនថា កំពុងពង្រីកសកម្មភាពយោធានៅ តំបន់សមុទ្រចិនខាងត្បូង និងគំរាមកំហែងដល់ប្រទេសជាភាគីជម្លោះ។
ប៉ុន្តែទន្ទឹមៗគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានក៏បង្កើនការបញ្ជូននាវាចម្បាំងមកក្បែរតំបន់ជម្លោះនេះដែរ ក្រោមបេសកកម្មដែលខ្លួនហៅថា សេរីភាពនាវាចរ ខណៈទីក្រុងប៉េកាំងព្រមានតបវិញថា សកម្មភាពរបស់យោធាអាមេរិកបែបនេះ អាចនឹងបង្កហានិភ័យ នៃជម្លោះរវាងយោធានៃប្រទេសទាំង ២។
គួរបញ្ជាក់ថា ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ចិនបានទាមទារ ៩០ភាគរយ នៃតំបន់ដែនទឹកជម្លោះនៃតំបន់សមុទ្រចិនខាងត្បូងជាមួយប្រទេសប្រ៊ុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងកោះតៃវ៉ាន់។ សមុទ្រចិនខាងត្បូង ត្រូវបានគេចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ ដោយមានទាំងធនធានប្រេង និងឧស្ម័ន ហើយសកម្មភាពពាណិជ្ជកម្មឆ្លងកាត់តំបន់នេះ មានរហូតដល់ ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗឯណោះ៕