(ខេបថោន)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក សាយរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានសម្រេចចិត្តពង្រីកថេរវេលា ក្នុងការដាក់ពង្រាយកងទ័ពនៅទូទាំងប្រទេសបន្តទៀត ដើម្បីជួយពង្រឹង និងអនុវត្តវិធានការរឹតត្បិតសង្គម នៅចំពោះមុខបញ្ហា COVID-19 ដែលកាន់តែរីកធំឡើងៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
នៅពេលដែលលោកប្រធានាធិបតីរូបនេះ បានប្រកាសដាក់ចេញនូវវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 កាលពីចុងខែមីនាកន្លងទៅនេះ លោកក៏បានបញ្ជាឲ្យមាន ការដាក់ពង្រាយកងទ័ពរយៈពេលបីខែផងដែរ ដើម្បីជួយពង្រឹង និងអនុវត្តវិធានការទាំងនេះ។ ការដាក់ពង្រាយកងទ័ពនេះ នឹងត្រូវផុតកំណត់នៅខែកក្កដានេះតែម្តង។
ទោះជាយ៉ាងណា នៅថ្ងៃសុក្រនេះលោក Cyril Ramaphosa បានប្រកាសថា នឹងពង្រីកថេរវេលាបន្ថែមទៀត ក្នុងការដាក់ពង្រាយកងទ័ព ត្បិតថាស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ នៅតែមានសភាពស្រួចស្រាលនៅឡើយ។ ដោយឡែកប្រធានសភាអាហ្រ្វិកខាងត្បូងលោក ម៉ូថាផូ (Mothapo) បាននិយាយថា ការដាក់ពង្រាយកងទ័ពចំនួន ២០,០០០នាក់ មកពីកងកម្លាំងការពារជាតិ នឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ហើយពួកគេមានភារកិច្ចសហការជាមួយប៉ូលីស ដើម្បីពិនិត្យមើលការអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់សង្គម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរាតត្បាតសកល COVID-19។
គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសអាហ្រ្វិកខាងត្បូងមានករណីឆ្លងសរុប ១៦៨,០៦១ករណី ក្នុងនោះស្លាប់ ២,៨៤៤នាក់ និងជាសះស្បើយ ៨១,៩៩៩នាក់ ឈរនៅលំដាប់លេខ ១ ប្រចាំទ្វីបអាហ្វ្រិកតែម្តង៕