(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 បន្ថែមចំនួន ៦៣ករណីគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលភាគច្រើនជាការឆ្លងនៅក្រៅទីក្រុងសេអ៊ូល។ ដោយហេតុនេះហើយ ទើបអាជ្ញាធរ សម្រេចដាក់ចេញនូវវិធានការរក្សាគម្លាតសង្គមឡើងវិញ ដោយព្រួយបារម្ភពីការឆ្លងរលកទី ២។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០។
ប្រទេសកូរ៉េខាងត្បូងធ្លាប់ត្រូវបានពិភពលោកកោតសរសើរ ពីភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំង COVID-19 រលកទីមួយ។ ទោះជាយ៉ាងនេះក្តី ប្រទេសខ្លាសេដ្ឋកិច្ចធំលំដាប់ទី ៤ នៅអាស៊ីមួយនេះ កំពុងជួបប្រទះនូវការផ្ទុះករណីឆ្លងឡើងវិញជាបន្តបន្ទាប់ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើននៅក្នុងរដ្ឋធានី។
នេះជាលើកទី ១ ក្នុងរយៈពេលជិតពីរខែ ដែលករណីឆ្លងប្រចាំថ្ងៃនៅទីក្រុងផ្សេងៗ បានកើនលើសករណីឆ្លងនៅទីក្រុងសេអ៊ូល។ អាជ្ញាធរនៅភាគនិរតីនៃទីក្រុងក្វាងជូ (Gwangju) ក៏បានរាយការណ៍ ៥០ករណីឆ្លងថ្មីៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជំរុញឱ្យមានការផ្អាកសកម្មភាពជួបជុំ នៅតាមទីសាធារណៈដូចជាបណ្ណាល័យ និងសារមន្ទីរជាដើម។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានបែងចែកវិធានគម្លាតសង្គមជាបីដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី ១ មិនសូវតឹងរ៉ឹង, ដំណាក់កាលទី ២ តឹងរ៉ឹងមធ្យម និង ដំណាក់កាលទី ៣ មានភាពតឹងរ៉ឹងបំផុត ដែលអាចតម្រូវឱ្យសាលារៀន និងអាជីវកម្មបិទទ្វារ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ១២,៩៦៧ករនី ក្នុងនោះមនុស្ស ២៨២នាក់បានស្លាប់ និង ១១,៧៥៩នាក់ជាសះស្បើយ៕