(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក អេឌូអាដ ហ្វីលីព (Edouard Philippe) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអភិបាលក្រុងឡាហារ ភាគខាងជើងនៃប្រទេស (La Havre)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។
ការលាលែងនេះ បានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តី ឡើងវិញ ដើម្បីជំរុញឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19។
វិមានប្រធានាធិបតីអេលីហ្សេ (Elysee) បានគូសបញ្ជាក់ថា លោក Macron បានទទួលយកពាក្យលាលែងពីតំណែងរបស់លោក Philippe ហើយ។ ប៉ុន្តែ គណៈរដ្ឋមន្ត្រីដឹកនាំ ដោយលោក ហ្វីលីព នឹងនៅតែបន្តចាត់ចែងកិច្ចប្រទេសដដែល រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានរៀបចំរួចរាល់។ ចំណែកឯ មូលហេតុវិញ ក៏មិនត្រូវបានបញ្ជាក់ប្រាប់ផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលបារាំងដែលមានលោក ហ្វីលីព ជានាយករដ្ឋមន្ត្រី នារយៈពេលចុងក្រោយនេះ ហាក់បានធ្លាក់ប្រជាប្រិយភាពបន្តិច និងត្រូវបានគេរិះគន់ជុំវិញការគ្រប់គ្រង មិនបានល្អ ទៅលើស្ថានការណ៍ COVID-19។ ទោះជាយ៉ាងណា លោកអតីតនាយករដ្ឋមន្ត្រីរូបនេះនៅតែអាចទទួលបានជ័យជម្នះគួរឲ្យកត់សម្គាល់ក្នុងការឈរឈ្មោះបោះឆ្នោត ជាអភិបាលក្រុងឡាហារ (La Havre) ដដែល ដែលជាស្រុកកំណើតរបស់លោកផ្ទាល់៕