(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មួយរូបបានថ្លែងថា ប្រទេសមួយនេះគ្មានបំណងក្នុងការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយទីក្រុងព្យុងយ៉ាង ក៏បានអំពាវនាវឲ្យទីក្រុងសេអ៊ូល ឈប់លូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ។
២៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិកថ្មីៗនេះ កំពុងពិចារណាក្នុងការបិទកម្មវិធី (app) បណ្តាញសង្គមដែល មានប្រភពពីចិន ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ល្បីល្បាញ ក្នុងស្រទាប់យុវវ័យផងដែរ។
៣៖ សភាពាណិជ្ជកម្មអាមេរិក និងសមាគម-អង្គការពាណិជ្ជកម្មច្រើនជាង៤០ បានជំរុញឱ្យក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំង២ កាលពីខែមករាកន្លងទៅ។
៤៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២០,០០០នាក់ហើយ នៅថ្ងៃអង្គារនេះ ខណៈប្រជាជាតិអាស៊ីខាងត្បូងមួយនេះ កំពុងបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
៥៖ ក្រុមអ្នកជួយសង្រ្គោះជប៉ុននៅថ្ងៃអង្គារនេះ កំពុងបង្កើន និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការស្វែងរក ក៏ដូចជាជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅភាគខាងលិចនៃប្រទេស ជាទីដែលមនុស្សយ៉ាងហោច ៥០នាក់ ត្រូវបានគេរាយការណ៍ថាស្លាប់។
៦៖ ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅជំងឺរាតត្បាតសកល COVID-19 ថា «China Virus ឬវីរុសចិន» ហើយថែមទាំងបានអះអាងថា អត្រាមរណៈដោយសារវីរុសនេះ នៅសហរដ្ឋអាមេរិក គឺមានចំនួនទាបជាងគេបំផុតនៅលើពិភពលោក៕