(ម៉ូស្គូ)៖ លោក Ivan Safronov ដែលជាអ្នកនាំពាក្យម្នាក់ នៃប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃអង្គារនេះ ពីបទក្បត់ជាតិ ដោយលួចស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ឱ្យប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឱ្យដឹងទៀតថាលោក Ivan Safronov ជាអតីតអ្នកសារព័ត៌មានម្នាក់ ផងនោះ ត្រូវបានចាប់ខ្លួនដោយមិនមានជាប់ពាក់ព័ន្ធនឹងការងារបច្ចុប្បន្នរបស់លោកនោះទេ។ ដោយឡែក បើតាមទីភ្នាក់ងារសេវាសន្តិសុខរុស្ស៊ី FSB លោក Safronov បានស៊ើបការណ៍ និងផ្ដល់ព័ត៌មានសំងាត់ជាតិ ឱ្យប្រទេសមួយជាសមាជិកអង្គការ NATO ប៉ុន្តែមិនបានបញ្ជាក់ឱ្យប្រាកដថាប្រទេស ណាមួយឡើយ។
គួរជម្រាបថា លោក Ivan Safronov ធ្លាប់បម្រើការងារជាអ្នកសារព័ត៌មានឱ្យកាសែតរុស្ស៊ី Kommersant និង Vedomosti ហើយលោកបានចូលរួម ជាមួយទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក្នុងនាមជាអ្នកនាំពាក្យ និងទីប្រឹក្សាព័ត៌មានរបស់លោក Dmitry Rogozin កាលពីពាក់កណ្ដាលខែឧសភា កន្លងទៅ។ បើសិនគេរកឃើញថា លោកមានទោសកំហុសមែន នោះលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារ២០ឆ្នាំ៕