(ហុងកុង)៖ ការិយាល័យនៃទីភ្នាក់ងារសន្តិសុខចិនលើកដំបូង ត្រូវបានបើកដំណើរការនៅទីក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មី ត្រូវបានដាក់ឲ្យអនុវត្តពេញលេញ។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ចេញពីសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។
សារព័ត៌មានខាងលើនេះបានចេញផ្សាយថា «ការិយាល័យសម្រាប់ធានា ចំពោះសន្តិសុខជាតិ នៃរដ្ឋាភិបាលមជ្ឈិមប្រជាជន ប្រចាំនៅក្នុងទីក្រុងហុងកុង ត្រូវបានដាក់សម្ពោធនៅព្រឹកថ្ងៃពុធនេះហើយ»។ ការិយាល័យរបស់ចិនខាងលើនេះ ត្រូវបានច្នៃចេញពីសណ្ឋាគារដ៏ខ្ពស់មួយមានឈ្មោះថា មេត្រូផាក (Metropark) ស្ថិតនៅឧទ្យានវិចតូរៀ (Victoria Park) ដែលតែងតែត្រូវបានប្រើប្រាស់ ជាកន្លែងជួបជុំក្រុមបាតុករ។
គួរបញ្ជាក់ថា ការដាក់សម្ពោធការិយាល័យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការពារសន្តិសុខយ៉ាងតឹងរ៉ឹង ព្រមទាំងការដាក់ពង្រាយ ប៉ូលិសបង្ក្រាបកុបកម្មផងដែរ។ ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់នៅទីក្រុងហុងកុង កាលពីចុងខែមិថុនា ឆ្នាំ២០២០ ដោយស្ថិតក្នុងគោលដៅបញ្ឈប់បាតុកម្ម និងការបះបោរចង់ផ្តាច់ទឹកដី បើទោះបីជាវាត្រូវរងទណ្ឌកម្មពីលោកខាងលិចក៏ដោយ៕