(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសពន្យារសុពលភាពទិដ្ឋាការ ជូនដល់ប្រជាជនហុងកុងនៅអូស្ត្រាលី រហូតដល់រយៈពេល ០៥ឆ្នាំ ព្រមទាំងបានប្រកាសព្យួរកិច្ចព្រមព្រៀងធ្វើបត្យាប័ន ជាមួយហុងកុងទៀតផង ដើម្បីជាការឆ្លើយតបទៅទីក្រុងប៉េកាំង ដែលបានអនុម័តច្បាប់សន្តិសុខថ្មី សម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
លោក Morrison បានប្រកាសថា និស្សិតហុងកុងដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសអូស្ត្រាលី នឹងមានឱកាសស្នាក់នៅបន្តរយៈពេល ០៥ឆ្នាំទៀត។ បន្ទាប់មកទៀតពួកគេនឹង អាចដាក់ពាក្យស្នើសុំស្នាក់ជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសអូស្ត្រាលីបានហើយ។ ចំណែកឯពលរដ្ឋហុងកុង ដែលកាន់ទិដ្ឋាការការងារបណ្តោះអាសន្ន ក៏នឹងមានសិទ្ធិបន្តស្នាក់នៅសម្រាប់រយៈពេល ០៥ឆ្នាំដូចគ្នាផងដែរ ហើយបន្ទាប់ពីនោះ ពួកគេក៏នឹងអាចដាក់ពាក្យសុំស្នាក់នៅជាអចិន្ត្រៃយ៍ដែរ។
មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីរូបនេះ ថែមទាំងបានប្រកាសព្យួរ កិច្ចព្រមព្រៀងធ្វើបត្យាប័ន ជាមួយហុងកុងទៀតផង ក្រោមហេតុផលថា ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ដែនដីហុងកុង ដែលត្រូវបានអនុម័តដោយសភាចិន កាលពីសប្តាហ៍មុន គឺជាការផ្លាស់ប្តូរជាមូលដ្ឋាន នៃស្ថានការណ៍នាពេលបច្ចុប្បន្ន ពីព្រោះជនសង្ស័យហុងកុង អាចត្រូវបញ្ជូនទៅកាត់ក្តីនៅតុលាការ ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិនដីគោក។
គួរបញ្ជាក់ថា ជុំវិញសេចក្តីសម្រេចនេះ លោក ស្កុត ម៉ូរីសុន (Scott Morrison)បានអះអាងថា ធ្វើឡើងដើម្បីជួយដល់ពលរដ្ឋហុងកុង អាចចាប់ផ្តើមជីវិតថ្មីរបស់ពួកគេនៅលើទឹកដីអូស្រ្តាលីបាន ដ្បិតថាហុងកុងនៅពេលនេះ គឺមិនដូចហុងកុងនៅពេលមុននោះទេ៕