(ញូដេលី)៖ ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅតែបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនលើស ៨០០,០០០ករណីហើយ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយក្នុងនោះអ្នកជំងឺ ២២,១២៣នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកស្លាប់ដោយសារ COVID-19 ចំនួន ៥១៩នាក់ថ្មីទៀតត្រូវបានកត់ត្រា ដែលបានឲ្យចំនួនមនុស្សស្លាប់សរុប នៅទូទាំងប្រទេសបានកើនដល់ ២២,១២៣នាក់ហើយ។
នៅក្នុងរយៈពេលដូចគ្នានេះអ្នកឆ្លងថ្មីៗចំនួន ២៧,១១៤នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនដល់ ៨២០,៩១៦ករណី ដោយក្នុងនោះ ៥១៥,៣៨៦នាក់បានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៨៣,៤០៧នាក់។
គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕