(ព្រុចសែល)៖ ក្រុមមេដឹកនាំអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានជួបប្រជុំគ្នាអស់ពេល៤ថ្ងៃមកនេះ ជុំវិញ កញ្ចប់ថវិការស្នូលសម្រាប់រយៈពេល៧ឆ្នាំ និងកញ្ចប់ថវិកាដ៏ធំសម្បើមមួយ ដើម្បីស្ដារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញពីវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។
មេដឹកនាំអឺរ៉ុបទាំង២៧ប្រទេស បានប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាមិនធ្លាប់មានពីមុនមក រហូតដល់ទៅ ២.១ទ្រីលានដុល្លារ។ នៅក្នុងចំណោមកញ្ចប់ថវិកាទាំងនេះទៀតសោត មាន១.៣ទ្រីលានដុល្លារជាកញ្ចប់ថវិកាស្នូល សម្រាប់រយៈពេល៧ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ និងកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច ៨៥៨ពាន់លានដុល្លារ ក្រោមរូបភាពជាជំនួយ និងកម្ចី ដើម្បីជំរុញកំណើន និងស្ដារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញពីវិបត្តិ COVID-19។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺបង្ហាញពីជំនឿចិត្តអឺរ៉ុប នៅក្នុងផលប្រយោជន៍រួម ខណៈប្រធាន គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen រួមទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ហៅការសម្រេចបាននូវកិច្ចព្រមព្រៀងនេះថាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់អឺរ៉ុប៕