(ញូដេលី)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បាននិយាយថា វិស័យកសិកម្ម អាចនឹងជួយឱ្យសេដ្ឋកិច្ចឥណ្ឌាងើបចេញពីវិបត្តិ COVID-19 ដែល កំពុងបង្កឱ្យសេដ្ឋកិច្ចសកលលោកខាតបង់ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី Nirmala Sitharaman ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយរៀបចំដោយក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ឥណ្ឌា នៅថ្ងៃអង្គារ សប្ដាហ៍នេះ។ លោកស្រី Sitharaman បានលើកឡើងដូច្នេះថា៖ «រដ្ឋាភិបាលឥណ្ឌា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ច ហើយបើកចំហគ្រប់វិស័យ ទាំងអស់សម្រាប់អ្នកវិនិយោគ ជាពិសេសគឺវិស័យកសិកម្ម ដែលយើងជឿជាក់ថាអាចនឹងជួយឱ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ ពីវិបត្តិ COVID-19»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់ ១,១៩២,៩១៥ករណី ដោយក្នុងនោះអ្នកជំងឺសរុប ២៨,៧៣២នាក់ស្លាប់បាត់បង់ជីវិត និង ៧៥៣,០៥០នាក់ទៀត បានជាសះស្បើយឡើងវិញ៕